អតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារវិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីតុលាការបានអនុម័តដីកា ធ្វើឡើងដោយរដ្ឋអាជ្ញាដែលកំពុងស៊ើបអង្កេតជុំវិញការប៉ុនប៉ងរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹកកាលពីឆ្នាំមុន។

សេចក្តីសម្រេចរបស់តុលាការក្រុងសេអ៊ូល បានជំរុញការស៊ើបអង្កេតរបស់ទីប្រឹក្សាពិសេសលើការចោទប្រកាន់ថា ចំណាត់ការរបស់លោក Yoon កាលពីខែខែធ្នូ បង្ហាញការរារាំងដល់តុលាការ និងបានបំពានអំណាច។ អ្នកនយោបាយអភិរក្សនិយមរូបនេះ ប្រឈមការចោទប្រកាន់បទព្រហ្មទណ្ឌជាច្រើនរួចទៅហើយពីការបះបោរលើក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក ហើយអាចនឹងត្រូវកាត់ទោសជាប់ពន្ធនាគារមួយជីវិត ឬប្រហាជីវិត។

អតីតប្រធានាធិបតីរូបនេះ ត្រូវត្រឡប់ទៅមន្ទីរឃុំឃាំងវិញក្នុងក្រុងសេអ៊ូលដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានី បន្ទាប់ពីសេចក្តីសម្រេច។ លោកបានជាប់ពន្ធនាគារ៥២ថ្ងៃកាលពីដើមឆ្នាំនេះ ប៉ុន្តែត្រូវបានដោះលែងកាលពី៤ខែកន្លងទៅនេះ ក្រោមហេតុផលបច្ចេកទេស។
តុលាការធម្មនុញ្ញ បានបណ្តេញលោកចេញពីតំណែងជាប្រធានាធិបតីកាលពីខែមេសា ដោយនៅតែប្រកាន់ខ្ជាប់ការចោទប្រកាន់របស់សភាសម្រាប់បំណងដាក់ច្បាប់អាជ្ញាសឹក ដែលបានធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងភ្ញាក់ផ្អើលនិងបង្កឱ្យមានភាពវឹកវរផ្នែកនយោបាយជាច្រើនខែ។ ក្រុមការងាររដ្ឋអាជ្ញាពិសេស បានបើកការស៊ើបអង្កេតរបស់ខ្លួនបន្ទាប់ពីមេដឹកនាំថ្មី លោក Lee Jae Myung បានជាប់ឆ្នោតកាលពីខែមិថុនា ហើយក្រុមនេះ បានស្វែងរកការចោទប្រកាន់បន្ថែមទៀតលើលោក Yoon ។
ក្រុមប្រឹក្សាពិសេស បច្ចុប្បន្ននេះត្រូវបានគេរំពឹងថានឹងពន្លឿនការស៊ើបអង្កេតរបស់ខ្លួនលើការចោទប្រកាន់ រួមទាំងថាតើ លោក Yoon បានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសកូរ៉េខាងត្បូងដោយចេតនាធ្វើឱ្យមានភាពតានតឹងជាមួយប្រទេសកូរ៉េខាងជើងដែរឬយ៉ាងណា។