រុស្ស៊ី បានកំណត់គោលដៅលើអ៊ុយក្រែនដោយប្រើយានដ្រូនចំនួន ៧២៨ គ្រឿងកាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានសន្យាថានឹងបញ្ជូនអាវុធការពារបន្ថែមទៀតទៅកាន់ទីក្រុង Kyiv និងរិះគន់ខ្លាំងខុសពីធម្មតាលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ព្រមទាំងគំរាមដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ ។

ការវាយប្រហារនេះ គឺជាការវាយប្រហារតាមអាកាសចេះតែកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលត្រូវបានប្រើប្រាស់យានដ្រូនរាប់រយគ្រឿងបន្ថែមពីលើមីស៊ីលផ្លោង ធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ក្នុងសង្រ្គាមនេះ។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat បាននិយាយតាមកញ្ចក់ទូរទស្សន៍អ៊ុយក្រែនថា យោធារបស់ទីក្រុង Kyiv បានបាញ់ទម្លាក់យានដ្រូនស្ទើរតែទាំងអស់ ប៉ុន្តែមីស៊ីលល្បឿនលឿនជាងសំឡេងចំនួនប្រាំមួយគ្រាប់ ដែលរុស្ស៊ីបានបាញ់បានបណ្តាលឱ្យមានការខូចខាត តែពុំទាន់បានបញ្ជាក់ច្បាស់លាស់ពីទំហំនៃការបំផ្លិចបំផ្លាញ។
ក្រុមមន្ត្រីបានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ដោយសារបំណែកយានដ្រូន នៅភាគខាងលិចប្រទេសអ៊ុយក្រែន។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានវាយប្រហារលើអាកាសយានដ្ឋានយោធាមួយចំនួន។
កាន់តែខិតទៅជិតតំបន់សមរភូមិ មនុស្ស ៨ នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ដោយសារយានដ្រូន និងគ្រាប់បែកកំណត់គោលដៅ ក្នុងផ្នែកដែលកាន់កាប់ដោយអ៊ុយក្រែននៃតំបន់ជួរមុខ Donetsk ។ប្រធានាធិបតី Volodymyr Zelenskiy ដែលគ្រោងជួបជាមួយប្រេសិតអាមេរិកលោក Keith Kellogg នៅទីក្រុងរ៉ូម មុនពេលការជួបជុំប្រទេសជាមិត្តជាមួយអ៊ុយក្រែន បាននិយាយថា ការវាយប្រហារនេះនេះបង្ហាញពីតម្រូវការសម្រាប់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ លើប្រាក់ចំណូលរបស់រុស្ស៊ី រួមទាំងប្រទេសដែលទិញប្រេងពីរុស្ស៊ីផងដែរ៕