អ្នកនាំពាក្យចិនដីគោកបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា មិនថាអាជ្ញាធរគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ប្រឹងធ្វើសមយុទ្ធប៉ុន្មានដង ក៏ដោយ ក៏មិនអាចផ្លាស់ប្តូរការបរាជ័យជៀសមិនរួចនៃការព្យាយាមឯករាជ្យភាពកោះតៃវ៉ាន់ បានដែរ។

លោក ជិន ប៉ិនហួ (Chen Binhua) អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយស្តីពីសមយុទ្ធយោធាមានឈ្មោះថា "Han Kuang 41" នាពេលថ្មីៗនេះរបស់កោះតៃវ៉ាន់។
លោក Chen បាននិយាយថា ដើម្បីញុះញង់ឱ្យមានការប្រឈមដាក់គ្នានៅច្រកសមុទ្រ អាជ្ញាធរគណបក្សប្រជាធិបតេយ្យជឿនលឿន បានបង្កើនភាពតានតឹងជាបន្តបន្ទាប់នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដោយព្យាយាមស្វែងរកឯករាជ្យតាមរយៈកងកម្លាំង ដោយលោក Chen បានបន្ថែមថា នេះនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់បន្ថែមទៀត និងបំផ្លាញសុវត្ថិភាព ក៏ដូចជាសុខុមាលភាពរបស់ប្រជាជនតៃវ៉ាន់។
ដោយសង្កត់ធ្ងន់ថា "ឯករាជ្យភាពកោះតៃវ៉ាន់" គឺជាទីបញ្ចប់របស់កោះនេះ ហើយការបង្រួបបង្រួមរបស់ចិនមិនអាចបញ្ឈប់បាន លោកបាននិយាយថា សកម្មភាពសមយុទ្ធយោធា ធ្វើឡើងដោយក្រុមអាជ្ញាធរគណបក្សប្រជាធិបតេយ្យជឿនលឿន មិនអាចកែប្រែការរបរាជ័យ ដែលជៀសមិនរួចនៃឯករាជ្យតៃវ៉ាន់ ឬបញ្ឈប់និន្នាការប្រវត្តិសាស្ត្រដែលមិនអាចជៀសបាននៃការបង្រួបបង្រួមមាតុភូមិបានឡើយ៕


