បណ្ដាដៃគូពាណិជ្ជកម្មរបស់អាមេរិក កំពុងប្រតិកម្មជាមួយនឹងការខកចិត្តចំពោះការគំរាមដំឡើងពន្ធចុងក្រោយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បន្ទាប់ពីប៉ុន្មានខែនៃអ្វីដែលពួកគេជឿថាជាការខិតខំប្រឹងប្រែងដោយស្មោះត្រង់ដើម្បីធ្វើកិច្ចព្រមព្រៀង។

ប្រធានគណៈកម្មាធិការពាណិជ្ជកម្មរបស់សភាអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា សហភាពអឺរ៉ុបប្រហែលជាជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប៉ុន្តែកំពុងតស៊ូដើម្បីទទួលបានការបន្ធូរបន្ថយពន្ធភ្លាមៗ និងការប្តេជ្ញាចិត្តមិនដាក់ចេញវិធានការថ្មីៗ។
គណៈកម្មការអឺរ៉ុបដែលបាននិងកំពុងចរចាក្នុងនាមប្លុក ២៧ ប្រទេសកំពុងជំរុញឱ្យឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយសហរដ្ឋអាមេរិកត្រឹមថ្ងៃទី ១ ខែសីហា។
បច្ចុប្បន្នប្លុកនេះ ប្រឈមការដំឡើងពន្ធ ៥០ ភាគរយរបស់សហរដ្ឋអាមេរិកលើការនាំចេញដែកថែបរបស់ខ្លួន ២៥ ភាគរយលើរថយន្ត និងពន្ធ ១០ ភាគរយ គ្របដណ្ដប់លើការនាំចេញផ្សេងទៀតភាគច្រើន។ពន្ធ ៥០ ភាគរយលើនាំចូលទង់ដែងទៅអាមេរិក គឺជិតមកដល់ហើយ ដោយពន្ធនឹងត្រូវកំណត់ក្នុងពេលឆាប់ៗនេះសម្រាប់បន្ទះឈីបអេឡិចត្រូនិក និងឱសថ។
ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបាននិយាយថាខ្លួននឹងបង្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសម្រាប់ផលប្រយោជន៍ទៅវិញទៅមកជាមួយអាមេរិក។
ចំណែកនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានព្រមានថាការសម្រេចចិត្តរបស់លោក Trump ដំឡើងពន្ធ២៥%លើជប៉ុន គឺជារឿងគួរឲ្យសោកស្ដាយ ហើយខ្លួននឹងបន្តការចរចាដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕

