ភ្នំពេញ៖ មិនបង្អង់យូរនោះទេ ព្រឹទ្ធសភាជាតិនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ស្អែកនេះ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីព្រៀងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ខណៈសេចក្តីព្រៀងច្បាប់នេះ រំពឹងថាជួយស្រោចស្រងសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ដែលបានញាំញីដោយសារវិបត្តិជំងឺកូវីដ១៩នោះ ។
ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រព្រឹទ្ធសភាជាតិ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា កិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េនេះ គឺជាកម្លាំងជលករដ៏សំខាន់ ក្នុងការជំរុញលំហូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងធ្វើឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន ។
ឯកឧត្តម បន្តថា មួយវិញទៀត កិច្ចព្រមព្រៀងនេះ ក៏នឹងជួយស្រោចស្រងផងដែរ នូវបញ្ហាសេដ្ឋកិច្ច ដែលប្រទេសទាំងពីរ បានរងផលប៉ះពាល់ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតនៅលើសកលលោក នាពេលបច្ចុប្បន្ននេះ ។
ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា នៅថ្ងៃស្អែកនេះ ក្រៅពីសេចក្តីព្រៀងច្បាប់ខាងលើ ព្រឹទ្ធជាតិនឹងពិនិត្យអនុម័ត នូវរបៀបវារៈមួយចំនួនទៀត មានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាស ពាណិជ្ជកម្ម, ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជ-កម្ម និងបញ្ជីពាណិជ្ជកម្មជាដើម ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៅឆ្នាំ២០២២នេះ បានចាប់ផ្ដើមអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ អាចនឹងបានអនុវត្តឆាប់ៗ ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន ៕
