ចំនួនអ្នកើស្លាប់បានកើនឡើងដល់១១នាក់ បន្ទាប់ពីស្ពានមួយកន្លែងបានបាក់នៅលើទន្លេក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា។ ស្ពាន បានបាក់កាលពីព្រឹកថ្ងៃពុធ បណ្តាលឱ្យរថយន្ត៥ទៅ៦គ្រឿងធ្លាក់ចូលក្នុងទឹកទន្លេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះកំពុងនៅដំណើរការ។

វីដេអូពីកន្លែងកើតហេតុ បង្ហាញពីរថយន្តដឹកប្រេងមួយគ្រឿង បានស្ថិតនៅលើជម្រាលស្ពានដែលបានបាក់។ ស្ត្រីម្នាក់បានប្រាប់សារព័ត៌មានក្នុងស្រុកថា នាងមិនបានដឹងថាមានអ្វីកើតឡើងទេនៅពេលដែលរថយន្តរបស់គ្រួសារនាងត្រូវធ្លាក់ចូលទៅក្នុងទឹកទន្លេ។ នាងគឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានជួយសង្គ្រោះចេញពីរថយន្ត។

ស្ពាននេះ ត្រូវបានសាងសង់ឡើងប្រហែល៤០ឆ្នាំមកហើយ ហើយមានការព្រួយបារម្ភអំពីស្ថានភាពរបស់ស្ពាននេះ។ អាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឲ្យស្ពានបាក់។
សាក្សីនិយាយថា បានឮសូរសំឡេងប្រេះបែកយ៉ាងខ្លាំង មុនពេលរថយន្តច្រើនគ្រឿងធ្លាក់ចូលទៅក្នុងទឹកទន្លេ។ ក្រុមពន្លត់អគ្គិភ័យ នគរបាលមូលដ្ឋាន និងសមាជិករដ្ឋបាលស្រុក Vadodara បានប្រញាប់ប្រញាល់ទៅដល់កន្លែងកើតហេតុ និងបានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ។ អ្នកស្រុកជាច្រើន បានមកចូលរួមជួយស្រង់យកអ្នករងរបួសចេញពីកម្ទេចកម្ទីបាក់បែកនៃស្ពាន។