ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានអះអាង និងប្ដេជ្ញាចិត្តលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសេរីរវាងភាគីទាំងពីរនៅថ្ងៃព្រហស្បតិ៍ (១០ កក្កដា) នេះ នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្លុកក្នុងតំបន់ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

អាស៊ាន និងចិន បានបញ្ចប់កិច្ចចរចាលើអ្វីដែលហៅថាកំណែ ៣.០ នៃតំបន់ពាណិជ្ជកម្មសេរី ដោយនឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅចុងឆ្នាំនេះ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា "តាមរយៈកិច្ចព្រមព្រៀងនេះ អាស៊ាន និងចិន នឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងភាពធន់របស់ភាគីទាំងពីរ ក្នុងអំឡុងពេលវេលាដ៏លំបាកបច្ចុប្បន្ននេះ និងលើសពីនេះទៅទៀត"។
អាស៊ាន ដែលបង្កើតឡើងដោយប្រទេសអាស៊ីអាគ្នេយ៍ចំនួន១០ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ជាមួយនឹងតម្លៃនៃពាណិជ្ជកម្មសរុបឈានដល់ ២៣៤ពាន់លានដុល្លារ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ នេះបើយោងតាមទិន្នន័យគយចិន។ កិច្ចប្រជុំកំពូលនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅម៉ាឡេស៊ីក្នុងសប្ដាហ៍នេះ កំពុងប្រព្រឹត្តទៅ ស្របពេលមានភាពតានតឹងជាថ្មីជុំវិញពន្ធគយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
លោក Trump កាលពីថ្ងៃចន្ទ បានប្រកាសពីការយកពន្ធយ៉ាងច្រើនរវាង ២៥% ទៅ ៤០% លើប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦ ទោះបីជាមានការខិតខំប្រឹងប្រែងរួមគ្នាដោយប្រទេសមួយចំនួនដើម្បីផ្តល់សម្បទានទូលំទូលាយ និងចរចាអត្រាទាបជាងនេះក៏ដោយ៕

