ការព្រួយបារម្ភបានកើនឡើងថា ចំនួនអ្នកស្លាប់ជិត១២០នាក់ដោយទឹកជំនន់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិកនៅតែអាចកើនឡើង ខណៈក្តីសង្ឃឹមថយចុះក្នុងការស្វែងរកឃើញអ្នកនៅរស់រានមានជីវិត ក្នុងចំណោមមនុស្សជាច្រើនដែលត្រូវបានរាយការណ៍ថានៅតែបាត់ខ្លួនជាច្រើនថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយ។

មនុស្សជាង១៧០នាក់នៅតែបាត់ខ្លួនបន្ទាប់ពីទឹកជំនន់យ៉ាងគំហុកនៅថ្ងៃឈប់សម្រាកថ្ងៃទី៤ ខែកក្កដា ជាសោកនាដកម្មមួយដែលបានធ្វើឱ្យប្រជាជនអាមេរិកជាច្រើនមានការភ្ញាក់ផ្អើល។
មន្ត្រីក្នុងតំបន់ Kerr County ដែលជាចំណុចកណ្តាលនៃទឹកជំនន់កាលពីថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ថា មនុស្ស១៦១នាក់ត្រូវបានគេដឹងថានៅបាត់ខ្លួន និងមនសុ្ស១២នាក់ផ្សេងទៀតនៅបាត់ខ្លួននៅកន្លែងផ្សេងទៀតក្នុងរដ្ឋតិចសាស់។ ទង់ជាតិ ត្រូវបានបង្ហូតមកត្រឹមពាក់កណ្តាលដងនៅទូទាំងរដ្ឋតិចសាស់កាលពីថ្ងៃពុធ ទី៩ ខែកក្កដា ដើម្បីគោរពដល់ជនរងគ្រោះដោយទឹកជំនន់ដ៏គំហុកដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១១៩នាក់ស្លាប់ កាលពីថ្ងៃទី៤ ខែកក្កដា។
