ប្រជាជននៅទីក្រុងមួយក្នុងចំណោមទីក្រុងនៅប្រទេសហ្គាតេម៉ាឡាដែលរងគ្រោះខ្លាំងបំផុតដោយការរញ្ជួយដីជាបន្តបន្ទាប់ បានចំណាយពេលពេញមួយយប់ស្នាក់នៅក្នុងតង់ ដោយពួកគេភ័យខ្លាចការរញ្ជួយដី ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់៥នាក់កាលពីថ្ងៃពុធ។ កម្ទេចកម្ទីពីសំណង់ដែលបានបាក់រលំមួយផ្នែកស្ថិតនៅតាមដងផ្លូវនៃក្រុង Santa Maria de Jesus ចម្ងាយប្រហែល៥០ គីឡូម៉ែត្រពីរដ្ឋធានី ដោយអ្នកស្រុកស្នាក់នៅក្នុងតង់នៅទីវាល ដើម្បីបញ្ចៀសផលប៉ះពាល់ក្នុងករណីមានរញ្ជួយដី។

ទីភ្នាក់ងារសម្របសម្រួលជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ (CONRED) របស់ប្រទេសហ្គាតេម៉ាឡា បានរាយការណ៍ថាមនុស្ស៥នាក់បានស្លាប់ ហើយអ្នករងរបួស៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈមនុស្ស៣០០នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព។

ប្រធានាធិបតីប្រទេសហ្គាតេម៉ាឡា លោក Bernardo Arevalo បានធ្វើដំណើរតាមដងផ្លូវក្រុង Santa Maria de Jesus ហើយបាននិយាយថា ក្រុមហ៊ុនថាមពលកំពុងធ្វើការដើម្បីស្តារចរន្តអគ្គិសនីឡើងវិញ ខណៈក្រុមការងារកំពុងវាយតម្លៃពីការខូចខាត។
ក្រុមពន្លត់អគ្គិភ័យស្ម័គ្រចិត្ត បានធ្វើការនៅលើផ្លូវមួយកន្លែងនៅភាគនិរតីប្រទេសអាមេរិកកណ្តាលមួយនេះ ដើម្បីជួយយកសាកសពមនុស្សពីរនាក់ដែលបានស្លាប់ដោយសារផ្ទាំងថ្មសង្កត់បន្ទាប់ពីរញ្ជួយដីចំនួនពីរលើក ដែលបានវាយប្រហារក្នុងតំបន់កាលពីថ្ងៃអង្គារ ទី៨ កក្កដា។ ជាមួយគ្នានេះ ក្រុមអ្នកពន្លត់អគ្គិភ័យបានធ្វើការតាំងពីយប់ថ្ងៃអង្គារ ដើម្បីយកសាកសពដែលជាប់នៅក្នុងរថយន្ត នៅពេលដែលផ្ទាំងថ្មបានបាក់ពីលើភ្នំ ហើយធ្លាក់សង្កត់លើពួកគេ។