នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល ខិតកាន់តែជិតកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយ លោក Netanyahu បាននិយាយថា ការចរចាគឺផ្តោតលើបទឈប់បាញ់រយៈពេល៦០ថ្ងៃ ដែលនឹងឃើញពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់ និងស្លាប់ វិលត្រឡប់ទៅអ៊ីស្រាអែលវិញ។ លោកនិយាយថា «យើងខិតកាន់តែជិតកិច្ចព្រមព្រៀងមួយ»។

ដោយសង្កត់ធ្ងន់លើថាតើអ៊ីស្រាអែលនឹងទទួលយកការទាមទាររបស់ក្រុមហាម៉ាសនាពេលថ្មីៗនេះ រួមទាំងការស្ដារការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិលើការចែកចាយជំនួយមនុស្សធម៌ដែរឬយ៉ាងណា នោះ លោក Netanyahu បាននិយាយថា អ៊ីស្រាអែលបានរៀបចំប្រព័ន្ធរបស់ខ្លួនដើម្បីទប់ស្កាត់ក្រុមហាម៉ាសពីការបង្វែរការផ្គត់ផ្គង់។ លោកនិយាយថា «ពួកគេលួចជំនួយ ដំឡើងថ្លៃនិងគំរាមទារប្រាក់ពីប្រជាជនប៉ាឡេស្ទីន។ ទោះជាយ៉ាងណា ប្រភពដែលដឹងពីជំហររបស់ក្រុមហាម៉ាស បាននិយាយថា គ្មានការទម្លាយភាពទាល់ច្រកណាមួយត្រូវបានឈានដល់លើបញ្ហាសំខាន់ៗទេ រួមទាំងដំណើរការជំនួយ ការដកទ័ពអ៊ីស្រាអែល និងការធានាបានបទឈប់បាញ់ជាអចិន្ត្រៃយ៍។

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សានិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៥៧.០០០នាក់។ វាក៏បានបណ្តាលឱ្យមានវិបត្តិស្រេកឃ្លាន ធ្វើឱ្យប្រជាជនស្ទើរតែទាំងអស់នៅតំបន់ហ្កាហ្សាភៀសខ្លួន និងជំរុញឱ្យមានការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម ដែលអ៊ីស្រាអែល បានច្រានចោល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោក និងប្រធានាធិបតីអាមេរិក លោក Donald Trump មានគោលបំណងរួមមួយ គឺដើម្បីបញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងធានាបានការដោះលែងចំណាប់ខ្មាំង។