ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំកាលពីថ្ងៃពុធ ដើម្បីធ្វើសន្និសីទស្តីពីជម្លោះដែលកំពុងកើនឡើង និងវិបត្តិមនុស្សធម៌ក្នុងប្រទេសយេម៉ែន ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពី អស្ថិរភាពក្នុងតំបន់ និងការបន្តការវាយប្រហាររបស់ក្រុមហ៊ួទីលើការដឹកជញ្ជូនពាណិជ្ជកម្ម នៅសមុទ្រក្រហម។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសយេម៉ែន លោក Hans Grundberg បានពណ៌នារយៈពេលបច្ចុប្បន្ននេះថា ពិតជា«មានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងមិនអាចទាយទុកជាមុនបាន» ខណៈលោកបានកត់សម្គាល់ឃើញថា មានក្តីសង្ឃឹមដ៏ផុយស្រួយមួយចំនួនចំពោះការបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលថ្មីៗនេះ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានលើកឡើងថា ក្រុមហ៊ួទីនៅតែបន្តវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងអ៊ីស្រាអែល ហើយនាពេលថ្មីៗនេះ បានកំណត់គោលដៅលើនាវាពាណិជ្ជកម្មចំនួនពីរគ្រឿង នៅក្នុងសមុទ្រក្រហម ដែលបណ្តាលឲ្យជនស៊ីវិលបាត់បង់ជីវិត និងការខូចខាតបរិស្ថាន ដែលអាចកើតមាន។ ពួកវាទាំងនោះ គឺជាការវាយប្រហារលើកដំបូងលើការដឹកជញ្ជូនអន្តរជាតិ ក្នុងរយៈពេលជាង ៧ខែ។
លោក Grundberg បានព្រមានថា៖«ការវាយប្រហារទាំងនេះ គំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍ និងប្រថុយប្រថាន នឹងអូសទាញប្រទេសយេម៉ែនចូលទៅក្នុងវិបត្តិក្នុងតំបន់» ខណៈដែលលោក បានគូសបញ្ជាក់អំពីតម្រូវការចាំបាច់ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងរក្សាស្ថិរភាព នៅក្នុងប្រទេស។