ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា មនុស្សជាង ១៧លាននាក់នៅក្នុងប្រទេសយេម៉ែន ដែលហែកហួរដោយជម្លោះ កំពុងស្រេកឃ្លានយ៉ាងខ្លំាង ក្នុងនោះមានកុមារជាងមួយលាននាក់ ដែលមានអាយុក្រោម ៥ឆ្នាំ កំពុងទទួលរងនូវ «កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់អាយុជីវិត»។

លោក Tom Fletcher បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា វិបត្តិសន្តិសុខស្បៀងនៅក្នុងប្រទេសក្រីក្របំផុតរបស់ពិភពលោកអារ៉ាប់ ដែលត្រូវបានហ៊ុមព័ទ្ធដោយសង្រ្គាមស៊ីវិល បាននិងកំពុងកើនឡើង ចាប់តាំងពីចុងឆ្នាំ ២០២៣។
លោកបានព្រមានថា ចំនួនមនុស្សដែលស្រេកឃ្លានអាចកើនឡើងដល់ជាង ១៨លាននាក់ នៅខែកញ្ញា ហើយចំនួនកុមារដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាវ អាចកើនឡើងដល់ ១,២ លាននាក់ នៅដើមឆ្នាំក្រោយ ដោយធ្វើឲ្យក្មេងជាច្រើន ប្រឈមនឹងហានិភ័យនៃការខូចខាតរាងកាយ និងស្មារតីជាអចិន្ត្រៃយ៍។

យោងតាមអ្នកជំនាញដែលបង្កើតប្រព័ន្ធចាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា (IPC) ជាអាជ្ញាធរអន្តរជាតិឈានមុខគេ ដែលចាត់ចំណាត់ថ្នាក់ភាពធ្ងន់ធ្ងរនៃភាពអត់ឃ្លាន បានឲ្យដឹងថា
ប្រជាជនយេម៉ែនជាង ១៧.000 នាក់ ស្ថិតនៅក្នុងប្រភេទអសន្តិសុខស្បៀងដ៏អាក្រក់បំផុតចំនួនបី គឺ ដំណាក់កាលវិបត្តិ ឬអាក្រក់ជាងនេះ។