ភ្នំពេញ៖ នគរបាលបាននាំខ្លួនមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំ តវ៉ាដោយខុសច្បាប់ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ទៅដល់តុលាការហើយ នាព្រឹកនេះ ដើម្បីតំណាងអយ្យការបើកការស៊ើបសួរ។
នគរបាលឃាត់ខ្លួនពួកគេជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ដោយអនុវត្តតាមដីការបស់តុលាការ ដែលបានសម្រេចចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ មនុស្សទាំង៣នាក់នោះមានទី១ឈ្មោះ សុខ ណារិទ្ធ ទី២ឈ្មោះ សុខ គង្គា និងម្នាក់ទៀតឈ្មោះ ឈឹម ស៊ីថរ ។
សូមបញ្ជាក់ថា ក្នុងសំណុំរឿងនេះមានជនត្រូវចោទចំនួន៩នាក់ គិតមកដល់ពេលនេះ ជនត្រូវចោទទាំង៩នាក់ ត្រូវបានឃាត់បានទាំងអស់ហើយ និងឃុំខ្លួន៦នាក់ហើយ អ្នកដែលត្រូវបានឃុំខ្លួន ៦នាក់នោះ រួមមានដូចជា៖ ១. រី សុវណ្ណឌី ២.សុន ស្រីពេជ ៣. ហៃ សុភាព ៤. ឃ្លាំង សុបិន្ត ៥.ទូច សិរីមាស និងទី៦. ឈឹម សុខន ។ អ្នកទាំង៦នាក់នេះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។
មុនមានការឃាត់ខ្លួនមនុស្ស ៣នាក់បន្ថែមទៀតនេះដែរ កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងនគរបាលរាជធានីភ្នំពេញ ក៏បានធ្វើសន្និសីទកាសែតបង្ហាញភស្តុតាងមួយចំនួន ដែលបញ្ជាក់ថា ការរៀបចំប្រមូលផ្តុំធ្វើការតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ គឺមានការផ្តល់ថវិការាប់ម៉ឺនដុល្លារ ពីអង្គការចាត់តាំងនៅក្រៅប្រទេស។
សូមបញ្ជាក់ថា ការតវ៉ារបស់ក្រុមបាតុករកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការសម្របសម្រួល និងអំពាវនាវឱ្យផ្អាកសកម្មភាពតវ៉ា ដើម្បីអបអរសាទរដល់ការឆ្លងឆ្នាំសកល២០២២ ប៉ុន្តែក្រុមបាតុករមិនបានបញ្ឈប់សកម្មភាពតាមការអំពាវនាវនោះឡើយ ទើបឈានដល់មានការអនុវត្តច្បាប់ និងស្រាវជ្រាវរកឬសគល់នៃបញ្ហាតវ៉ានេះផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

