នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានអះអាងថា មុនពេលវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់ មានសមត្ថភាពក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ត្រឹមតែក្នុងរយៈពេលមួយឆ្នាំ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ Fox Business TV ថា៖«ខ្ញុំគិតថា ក្នុងរយៈពេលមួយឆ្នាំ» ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់ មានលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរជាច្រើនគ្រឿង ក្នុងរយៈពេលនេះ។
បើតាមលោក នេតាន់យ៉ាហ៊ូ លើសពីនេះទៅទៀតនោះ ទីក្រុងតេអេរ៉ង់ មានសមត្ថភាពផលិតមីស៊ីលបាលីស្ទីកប្រមាណ ៣០០គ្រាប់ ក្នុងមួយខែ។

អ៊ីរ៉ង់បានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនគ្មានចេតនាអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរទេ។ អគ្គនាយករបស់ទីភ្នាក់ងារនេះ លោក Rafael Grossi បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Rzeczpospolita របស់ប្រទេសប៉ូឡូញថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) មិនបានកត់ត្រាសញ្ញាណាមួយ ដែលបង្ហាញពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់សម្រាប់ការទទួលបានអាវុធនុយក្លេអ៊ែរនោះទេ។
នៅព្រឹកព្រលឹមថ្ងៃទី១៣ មិថុនា អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ រយៈពេលតិចជាង ២៤ម៉ោងក្រោយមក អ៊ីរ៉ង់បានវាយប្រហារសងសឹក។ រយៈពេល ៩ថ្ងៃក្រោយមក គឺនៅព្រឹកថ្ងៃទី ២២ ខែមិថុនា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី ដោយចូលរួមក្នុងជម្លោះនេះ ។ នៅល្ងាចថ្ងៃទី ១៣ ខែមិថុនា ទីក្រុងតេអេរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីលទៅលើ មូលដ្ឋាន Al Udeid ដែលជាមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដែលមានទីតាំង នៅក្នុងប្រទេសកាតា។ បើតាមអាជ្ញាធរអាមេរិក មិនមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឲ្យកត់សម្គាល់ ទេ។