ការជជែកដេញដោលដ៏ក្តៅគគុក និងភាពវឹកវរបានផ្ទុះឡើងជាថ្មីម្ដងទៀតកាលពីថ្ងៃពុធ (០៩ កក្កដា) នៅក្នុងសភាជាន់ទាបរបស់ប្រទេសបូលីវី ខណៈសមាជិកសភាបានពិភាក្សាអំពីការអនុម័តលើកិច្ចសន្យាផលិតរ៉ែលីចូមដ៏ចម្រូងចម្រាស ជាមួយក្រុមហ៊ុនដែលគ្រប់គ្រងដោយរុស្ស៊ី។

សមាជិកនៃគណបក្ស MAS ដែលកំពុងកាន់អំណាច និងគណបក្សប្រឆាំង បានប៉ះទង្គិចគ្នានៅក្នុងគណៈកម្មការពហុសេដ្ឋកិច្ច ផលិតកម្ម និងឧស្សាហកម្ម ជាទីដែលសំណើច្បាប់នោះត្រូវតែអនុម័តជាមុនសិន មុននឹងឈានទៅដល់ការបោះឆ្នោតចុងក្រោយនៅក្នុងសភាតំណាងរាស្រ្ត។
ខ្សែវីដេអូបានបង្ហាញពីទិដ្ឋភាពយ៉ាងចលាចលនៅក្នុងសភា ដោយសមាជិកសភាបានរុញច្រាន ទាញតុទៅមក នៅពេលជជែកដេញដោល។ នេះគឺជាការផ្ទុះឡើងចុងក្រោយបំផុតនៃភាពតានតឹងដែលចេះតែកើនមិនឈប់ ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់បូលីវី ក្នុងការអូសទាញការវិនិយោគបរទេសយ៉ាងឆាប់រហ័សលើរ៉ែលីចូមដ៏មានតម្លៃរបស់ខ្លួន ដែលស្ថិតក្នុងចំណោមរ៉ែកម្រធំបំផុតក្នុងពិភពលោក។
នៅសម័យប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក៏មានការប៉ះទង្គិចស្រដៀងគ្នានេះ ដោយសមាជិកសភាបានរុញច្រាន ស្រែក និងគប់ក្រដាសដាក់ថ្នាក់ដឹកនាំសភា។ រូបភាពវីដេអូបានបង្ហាញពីសមាជិកសភាបក្សប្រឆាំងម្នាក់ វាយតប់គ្នាជាមួយសមាជិកម្នាក់ទៀត ខណៈក្រោយមក អ្នកផ្សេងទៀតបានប៉ះទង្គិចយ៉ាងច្របូកច្របល់៕

