កីឡាករជម្រើសជាតិកម្ពុជា លឹម ពិសុទ្ធ និង សារ ទី ត្រូវបានប្រកាសផ្លាស់ប្ដូរទ្រនំថ្មី ដើម្បីបន្ដអាជីពរៀងៗខ្លួន ដោយ ពិសុទ្ធ ចាកចេញពីភ្នំពេញក្រោន ទៅចូលរួមជាមួយវិសាខា គ្រាដែល សារ ទី ចេញពីវិសាខា ទៅចូលរួមជាមួយភ្នំពេញក្រោន ។ ការដោះដូរនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងទីផ្សារដោះដូរកីឡាករត្រៀមរដូវកាលថ្មីខាងមុខ។
លឹម ពិសុទ្ធ គឺជាកីឡាករដែលទទួលការបណ្ដុះបណ្ដាលក្នុងជំរំថ្នាលផ្ទាល់របស់ភ្នំពេញក្រោន តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៩ មុនដំឡើងមកកាន់ក្រុមធំសិង្ហក្រហម ពីឆ្នាំ២០២០ រហូតដល់ល្ងាចថ្ងៃទី៩ ខែកក្កដា ភ្នំពេញក្រោន ក៏បានប្រកាសចែកផ្លូវគ្នា ជាមួយសារអរគុណរូបគេ ដែលខិតខំប្រឹងប្រែងប្រកួតប្រជែងលើទីលាន និងទទួលបានសម្មិទ្ធផលដ៏ជោគជ័យជាមួយក្លិបនាពេលកន្លងមក។
ទន្ទឹមជាមួយការចាកចេញ ក្រោយរួមរស់ជាង ១០ឆ្នាំនេះដែរ ពិសុទ្ធ ក៏បានបង្ហោះសារថ្លែងអំណរគុណថ្នាក់ដឹកនាំក្លិបភ្នំពេញក្រោន ពិសេសលោកឧកញ៉ា ឬទ្ធី សំណាង អតីតប្រធានក្លិប និងលោកជំទាវ Phu Cherlin ប្រធានក្លិបបច្ចុប្បន្ន ដែលបានបង្កើតក្លឹបភ្នំពេញក្រោន ជួយទៅដល់ការងារសង្គម និងអភិវឌ្ឍន៍យុវជន និងបាល់ទាត់នៅកម្ពុជា ជាក់ស្ដែងរូបគេ ក៏ទទួលបានការបណ្ដុះបណ្ដាលនៅទីនេះផងដែរ។
ពិសុទ្ធ បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានមើលថែខ្លួនបានយ៉ាងល្អ ហើយខ្លួននឹងកត់ត្រាភ្នំពេញក្រោនក្នុងបេះដូងជារៀងរហូតខ្លួន ក៏ដូចជាជូនពរភ្នំពេញក្រោន ឲ្យបន្ដទទួលបានភាពជោគជ័យផងដែរ។
ដំណាលគ្នានឹងការប្រកាសចែកផ្លូវជាមួយ លឹម ពិសុទ្ធ នោះ ក្រឡេកទៅក្រុមវិសាខា ក៏បានប្រកាសចែកផ្លូវជាមួយកីឡាករ សារ ទី នៅល្ងាចថ្ងៃទី៩ ខែកក្កដា បន្ទាប់ពីរូបគេបានរួមចំណែកជួយក្លិបអស់រយៈពេល ៣រដូវកាលកន្លងមក ។
សារ ទី បានផ្ដើមអាជីពបាល់ទាត់ នៅសាលាបាល់ទាត់ជាតិបាទី នៅចន្លោះឆ្នាំ២០១៩-២០២០ មុនផ្ទេរមកលេងឲ្យអតីតក្រុមបាល់ទាត់អគ្គិសនីកម្ពុជា នៅចន្លោះឆ្នាំ២០២០-២០២១ ជាទីកន្លែងដែលរូបគេបានបង្ហាញសមត្ថភាព និងកសាងនូវភាពលេចធ្លោរក្នុងអាជីពបាល់ទាត់ រហូតដល់ឆ្នាំ២០២២ រូបគេក៏បានផ្ទេរមកកាន់ក្រុមវិសាខា។
អ្វីដែលភ្ញាក់ផ្អើល គឺនៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ ក្នុងពេលតែមួយ វត្តមានខ្សែប្រយុទ្ធវ័យក្មេងដ៏មានសក្ដានុពលរបស់ក្រុមជម្រើសជាតិកម្ពុទាំង ២រូប ត្រូវបានក្លិបភ្នំពេញក្រោន និងវិសាខា ប្រកាសនាំចូលត្រៀមរដូវកាលថ្មីរៀងៗខ្លួន ដោយ លឹម ពិសុទ្ធ បានផ្ទេរទៅកាន់វិសាខា និង សារ ទី ផ្ទេរទៅកាន់ភ្នំពេញក្រោន។
ធ្លាប់ជាក្រុម និងជាដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងលីគ ការផ្លាស់ប្ដូរនេះ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រស្ទើរមិនគួរឲ្យជឿ ។ តែយ៉ាងណានេះ គឺជាបាល់ទាត់ដែលអាចមានការប្រែប្រួលគ្រប់ពេល ហើយគេក៏សង្ឃឹមថា ការផ្លាស់ប្ដូរទ្រនំថ្មីនេះ ទាំង លឹម ពិសុទ្ធ និង សារ ទី នឹងអភិវឌ្ឍន៍ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕