នាយករដ្ឋមន្ត្រីប្រទេសក្រិក លោក Kyriakos Mitsotakis បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសក្រិកនឹងផ្អាកដំណើរការពាក្យសុំសិទ្ធិជ្រកកោនបណ្តោះអាសន្នសម្រាប់ជនអន្តោប្រវេសន៍ដែលបានទៅដល់តាមសមុទ្រពីទ្វីបអាហ្វ្រិក។ ថ្លែងនៅចំពោះមុខសភា លោក Mitsotakis បាននិយាយថា សេចក្តីសម្រេចនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយជាមួយរដ្ឋមន្ត្រីអន្តោប្រវេសន៍និងសិទ្ធិជ្រកកោន លោក Thanos Plevris។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា «នេះគឺជាការឆ្លើយតបបន្ទាន់ចំពោះស្ថានភាពគ្រាអាសន្ន» ដោយនិយាយសំដៅទៅលើការកើនឡើងយ៉ាងខ្លាំងនៃការទៅដល់របស់ជនអន្តោប្រវេសន៍ទៅកាន់កោះ Crete ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ វិធានការនេះ នឹងចូលជាធរមានដំបូងរយៈពេលបីខែ។

លោក Mitsotakis និយាយថា «ជនអន្តោប្រវេសន៍ទាំងអស់ដែលចូលទៅប្រទេសនេះដោយខុសច្បាប់នឹងត្រូវបានចាប់និងឃុំខ្លួន» ដោយសង្កត់ធ្ងន់លើបំណងរបស់រដ្ឋាភិបាលក្នុងការផ្ញើសារច្បាស់លាស់ទៅកាន់អ្នករត់ពន្ធ និងជនអន្តោប្រវេសន៍នាពេលអនាគត។ សេចក្តីព្រាងស្នើច្បាប់ស្តីពីវិធានការធ្វើអន្តោប្រវេសន៍តឹងរ៉ឹងនឹងត្រូវដាក់ទៅកាន់សភា នៅថ្ងៃព្រហស្បតិ៍នេះ។
លោក នាយករដ្ឋមន្ត្រីបាននិយាយបន្ថែមថា ជាផ្នែកនៃគោលនយោបាយថ្មី មជ្ឈមណ្ឌលឃុំឃាំងដែលបានបិទនឹងត្រូវបានបង្កើតនៅលើកោះCrete។ យោងតាមឆ្មាំល្បាតឆ្នេរ Hellenic បានឲ្យដឹងថា ជនអន្តោប្រវេសន៍ជាង៧៤០នាក់បានទៅដល់កោះ Crete ចាប់តាំងពីថ្ងៃអង្គារ តែមួយថ្ងៃ ហើយអាជ្ញាធរបាននិយាយថា ជាសរុប ជនអន្តោប្រវេសន៍ជាង៩.០០០នាក់ បានទៅដល់កោះនេះក្នុងឆ្នាំនេះ ដែលកើនឡើង៣៥០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

