កាលពីថ្ងៃពុធ (ទី៩ ខែកក្កដា) ប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្ថែមទៅក្នុងបញ្ជីនូវឈ្មោះប្រទេសជាច្រើន ដែលនឹងត្រូវប្រឈមជាមួយអត្រាពន្ធដ៏ធ្ងន់ធ្ងរ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ប្រសិនបើប្រទេសទាំងនោះ មិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទេនោះ ខណៈដែលលោកបានគំរាមអូសប្រទេសទាំងតូច និងធំចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មរបស់លោក។
តាមរយៈគណនីបណ្ដាញសង្គមរបស់លោក លោកប្រធានាធិបតីរូបនេះបានបង្ហោះលិខិតជូនដំណឹងដល់ប្រទេសជាច្រើន ដែលរួមមានទាំងហ្វីលីពីន ស្រីលង្កា ម៉ុលដាវី ប្រ៊ុយណេ លីប៊ី អ៊ីរ៉ាក់ និងអាល់ហ្សេរីផងដែរ ដោយបញ្ជាក់ប្រាប់ពួកគេថា គួរតែរៀបចំត្រៀម សម្រាប់អត្រាពន្ធ ២ខ្ទង់។ ដោយខុសគ្នាតែឈ្មោះប្រទេស និងអត្រាពន្ធប៉ុណ្ណោះ លិខិតនោះគឺដូចគ្នាបេះបិទទៅនឹងអ្វីដែលលោកបានបង្ហោះកាលពីថ្ងៃទី៧ ខែកក្កដា ដែលកំណត់គោលដៅលើប្រទេសចំនួន ១៤។

ហើយបន្ទាប់មក នៅរសៀលថ្ងៃទី៩ ខែកក្កដានោះ លោក Trump បានចេញការព្រមានមួយទៀត ដោយគំរាមដាក់ពន្ធ ៥០ភាគរយលើផលិតផលពីប្រទេសប្រេស៊ីល។ លិខិតរបស់លោកបានបង្កប់ន័យថា អត្រាខ្ពស់ជាងនេះ គឺមួយផ្នែកឆ្លើយតបទៅនឹងអ្វីដែលលោក Trump បានពិពណ៌នាថា ជា «គោលបំណងអាក្រក់» ចំពោះអតីតប្រធានាធិបតី លោក Jair Bolsonaro ដែលកំពុងប្រឈមនឹងការកាត់ទោសពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ។
ប្រេស៊ីល និងដៃគូពាណិជ្ជកម្មផ្សេងទៀតដែលលោក Trump បានកំណត់គោលដៅកាលពីថ្ងៃទី៩ ខែកក្កដា ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះដែលមានកាន់តែវែងទៅៗ ពោលគឺក្រុមប្រទេសដែលត្រូវប្រឈមជាមួយអត្រាពន្ធបន្ថែមនៅថ្ងៃទី១ ខែសីហា ក្នុងនោះរួមមានទាំងជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ ការគំរាមកំហែងជាថ្មីរបស់លោកប្រធានាធិបតី ប្រឆាំងនឹងដៃគូពាណិជ្ជកម្មទាំងធំ និងតូច បង្ហាញថា លោកកំពុងអនុវត្តតាមយ៉ាងតឹងរ៉ឹងនូវយុទ្ធសាស្ត្រពន្ធសកលដែលលោកបានប្រកាសកាលពីដើមខែមេសា ជាចំណាត់ការដែលដាក់ទណ្ឌកម្មលើប្រទេសគ្រប់ទិសទី ដោយសារការអនុវត្តពាណិជ្ជកម្ម និងគោលនយោបាយជាច្រើនដែលលោកបានចាត់ទុកថា មានភាពអយុត្តិធម៌៕
