នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែកក្កដា) នេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអំពាវនាវឲ្យប្រជាជាតិអាស៊ីអាគ្នេយ៍ លើកកម្ពស់គោលនយោបាយបើកចំហ និងកិច្ចសហប្រតិបត្តិការ ដោយបានផ្ដល់សារពីបរិយាបន្ន ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump គំរាមដំឡើងពន្ធខ្ពស់ខ្លាំងលើប្រទេសជាច្រើន ក្នុងតំបន់នេះ។
នៅឯកិច្ចប្រជុំ រវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី លោក Wang បានលើកឡើងថា៖ «រួមគ្នាជាមួយបណ្តាប្រទេសអាស៊ាន យើងនឹងលើកកម្ពស់តម្លៃសន្តិភាព កិច្ចសហប្រតិបត្តិការ គោលនយោបាយបើកចំហ និងបរិយាបន្នរបស់អាស៊ី»។

លោកបានបន្ថែមថា ប្លុកទាំង២ គួរតែ «ជួយពង្រឹងដល់ការធ្វើឲ្យអាស៊ីមានភាពសកម្មយ៉ាងខ្លាំងក្លាឡើងវិញ ចំពេលមាននិន្នាការប្រវត្តិសាស្ត្រ ដែល Global South (ប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូង) កំពុងបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់»។ ការកត់សម្គាល់របស់លោកកើតឡើងនៅពេលដែលលោក Trump ចាប់ផ្តើមប្រកាសអត្រាពន្ធខ្ពស់លើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក។
ចាប់ពីថ្ងៃទី១ ខែសីហា ទំនិញទៅពីម៉ាឡេស៊ីនឹង ប្រឈមនឹងកម្រិតពន្ធ ២៥ភាគរយ ខណៈប្រទេសអាស៊ាន ២ទៀត គឺឡាវ និងសហភាពមីយ៉ាន់ម៉ា ត្រូវបានលោក Trump ដាក់ពន្ធខ្ពស់ដល់ទៅ ៤០ភាគរយ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏ស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន តែគេមិនទាន់ច្បាស់ទេថា តើលោក និងលោក Wang នឹងជួបគ្នាដែរ ឬអត់៕
