ចក្រភពអង់គ្លេស និងបារាំង កាលពីថ្ងៃពុធ (ទី៩ ខែកក្កដា) បានឲ្យដឹងថា ប្រទេសទាំង២ នឹងប្រកាសថា ឆ័ត្រការពារនុយក្លេអ៊ែររបស់ប្រទេសទាំង២ អាចត្រូវបានប្រតិបត្តិការជាមួយគ្នា ហើយថា ភាគីទាំង២ នឹងរួមគ្នាឆ្លើយតបទៅនឹង «ការគំរាមកំហែងធ្ងន់ធ្ងរណាមួយ ចំពោះអឺរ៉ុប»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលយប់ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស (MoD) និងការិយាល័យប្រធានាធិបតីបារាំង បានឲ្យដឹងថា សេចក្តីប្រកាសដែលនឹងចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែកក្កដា) នេះ នឹងបញ្ជាក់ថា ឆ័ត្រការពារនុយក្លេអ៊ែររៀងៗខ្លួននៃប្រទេសទាំង២ នៅតែស្ថិតក្រោមការគ្រប់គ្រងជាតិ «ប៉ុន្តែអាចត្រូវបានប្រតិបត្តិការជាមួយគ្នា ហើយថា មិនមានការគំរាមកំហែងធ្ងន់ធ្ងរដល់អឺរ៉ុប ដែលនឹងមិនជំរុញឲ្យប្រទេសទាំង២ មិនឆ្លើយតបនោះឡើយ»។

ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលលោកបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ នៅចក្រភពអង់គ្លេស ជាមួយនឹងកិច្ចប្រជុំកំពូលទ្វេភាគី ដែលសម្ព័ន្ធមិត្តទាំង២ នឹង «ចាប់ផ្តើមឡើងវិញ» នូវទំនាក់ទំនងការពារជាតិ ដោយផ្តោតលើការអភិវឌ្ឍមីស៊ីលរួមគ្នា និងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ។
នេះនឹងឃើញទីក្រុងឡុងដ្រ៍ និងប៉ារីសបញ្ជាទិញបន្ថែមទៀតនូវមីស៊ីលតម្រង់គោលដៅ Storm Shadow ជាអាវុធបាញ់បង្ហោះតាមអាកាសរយៈចម្ងាយឆ្ងាយ ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយប្រទេសទាំង២ និងដែលត្រូវបានបារាំងហៅថា SCALP។
ហើយជាមួយគ្នានេះ មេដឹកនាំបារាំង និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ្រ៍ ដោយភាគីទាំង២ ក៏រំពឹងផងដែរថា នឹងពិភាក្សាអំពីការបន្តការគាំទ្រ ចំពោះប្រទេសអ៊ុយក្រែន និងការទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ឆ្លងកាត់ច្រកសមុទ្រ៕
