សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី៩ ខែកក្កដា) បានឲ្យដឹងថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន គឺលោកស្រី Francesca Albanese ដែលបានរិះគន់យ៉ាងខ្លាំង ចំពោះសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺអ៊ីស្រាអែល ជុំវិញសង្គ្រាម នៅតំបន់ហ្កាហ្សា។
រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ថ្ងៃនេះខ្ញុំកំពុងដាក់ទណ្ឌកម្មលើអ្នករាយការណ៍ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Francesca Albanese ពាក់ពព័ន្ធនឹងកិច្ចប្រឹងប្រែងខុសច្បាប់ និងគួរឲ្យអាម៉ាស់របស់លោកស្រី ក្នុងការជំរុញឲ្យមានវិធានការ (ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ) ប្រឆាំងនឹងមន្ត្រី ក្រុមហ៊ុន និងនាយកប្រតិបត្តិរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល»។

ដោយមិនបាននិយាយសំដៅដោយផ្ទាល់ដល់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា លោកស្រី Albanese បានសរសេរថា លោកស្រីឈរ «យ៉ាងរឹងមាំ និងប្រកបដោយភាពជឿជាក់ ខាងយុត្តិធម៌ ដូចដែលតែងតែធ្វើកន្លងមក»។ នៅក្នុងសារមួយទៅកាន់សារព័ត៌មាន Al Jazeera លោកស្រីត្រូវបានដកស្រង់សម្តី ដែលបានច្រានចោលចំណាត់ការរបស់សហរដ្ឋអាមេរិក ដោយចាត់ទុកថា ជា «តិចនិកបំភិតបំភ័យតាមបែបក្រុមឧក្រិដ្ឋជន»។
លោកស្រី Albanese ដែលជាមេធាវី និងសាស្ត្រាចារ្យសញ្ជាតិអ៊ីតាលី បានអំពាវនាវឲ្យរដ្ឋនានានៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN ដាក់ទណ្ឌកម្មផ្នែកអាវុធ និងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយអ៊ីស្រាអែល ខណៈចោទប្រកាន់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ ពីបទធ្វើយុទ្ធនាការ «ប្រល័យពូជសាសន៍» នៅតំបន់ហ្កហ្សា៕

