មន្ត្រីជាន់ខ្ពស់មួយរូបរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) កាលពីថ្ងៃពុធ (ទី៩ ខែកក្កដា) បានលើកឡើងថា ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ខ្លាំង ដូចជារលកកម្ដៅ ទឹកជំនន់ និងចំហេះព្រៃជាដើម អាចកាត់បន្ថយ GDP (ផលិតផលសរុបក្នុងស្រុក) របស់តំបន់ចាយប្រាក់អឺរ៉ូ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ពោលគឺដូចនឹងវិបត្តិហិរញ្ញវត្ថុពិភពលោក ឬជំងឺរាតត្បាតកូវីដ-១៩ ដែរ។
បើយោងតាមអគ្គនាយករងនៅ ECB លោក Livio Stracca បានឲ្យដឹងថា ព្រឹត្តិការណ៍ទាក់ទងនឹងអាកាសធាតុធ្ងន់ធ្ងរជាបន្តបន្ទាប់ អាចបណ្តាលឲ្យមានការធ្លាក់ចុះជិត ៥ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ ដោយផ្អែកលើសេណារីយ៉ូអាកាសធាតុធ្ងន់ធ្ងរបំផុតដែលបង្កើតឡើងដោយក្រុមអ្នកគ្រប់គ្រង និងនិយតករធនាគារជាង ១៤០ នៅដើមឆ្នាំនេះ។

លោកបណ្ឌិត Stracca ដែលមានតួនាទីផងដែរជាប្រធានការងារនៃបណ្តាញ Greening the Financial System ស្ដីពីការរចនា និងការវិភាគសេណារីយ៉ូ (NGFS) បាននិយាយថា៖ «ឥទ្ធិពលអវិជ្ជមានខ្ពស់បំផុត ចំពោះ GDP របស់តំបន់ចាយប្រាក់អឺរ៉ូ គឺស្ទើរតែ ៥ភាគរយដែលជាកម្រិតនៃទំហំដូចគ្នាទៅនឹងអ្វីដែលយើងបានឃើញនៅពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក និងតិចជាងបន្តិច អំឡុងពេលមានវិបត្តិកូវីដ-១៩»។
ការរកឃើញនេះ គឺផ្អែកលើវិធីសាស្ត្រថ្មីដែលត្រូវបានបង្កើតឡើងដោយ NGFS ជាក្រុមធនាគារកណ្តាល និងអ្នកគ្រប់គ្រងដែលធ្វើការ ដើម្បីដោះស្រាយហានិភ័យអាកាសធាតុ នៅក្នុងវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។
ក្រុមនេះបានរកឃើញថា កំណើនសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងសេណារីយ៉ូដែលគេស្គាល់ថា ជា «គ្រោះមហន្តរាយ និងការជាប់គាំងគោលនយោបាយ» ដែលរលកកម្ដៅ គ្រោះរាំងស្ងួត និងចំហេះឆេះព្រៃ នៅឆ្នាំ២០២៦ ត្រូវបានតាមមកដោយទឹកជំនន់ និងព្យុះក្នុងឆ្នាំ២០២៧៕

