យោងតាមទិន្នន័យពីមជ្ឈមណ្ឌលចែករំលែកព័ត៌មាននៃក្រុមប្រឆាំងចោរសមុទ្រអន្តររដ្ឋាភិបាល ReCaap បានឲ្យដឹងថា មានករណីលួចប្លន់ប្រដាប់អាវុធតាមសមុទ្រចំនួន ៩៥លើក លើនាវា នៅតំបន់អាស៊ី ចាប់ពីខែមករា ដល់ខែមិថុនា ដោយកើនឡើង ៨៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ហេតុការណ៍ភាគច្រើន បានកើតឡើងនៅច្រកសមុទ្រ Malacca និងសិង្ហបុរី ដែលក្រុមអ្នកឃ្លាំមើលបានចាត់ទុកថា ជាតំបន់ដ៏គួរឲ្យបារម្ភ។ មានសកម្មភាពបែបនោះចំនួន ៨០ករណី ក្នុងទឹកទាំងនេះ អំឡុងពេលនេះ បើធៀបនឹង ២១ករណី នៅឆមាសទី ១ នៃឆ្នាំ២០២៤។ យ៉ាងណាក្ដី ឧប្បត្តិហេតុភាគច្រើន នៅច្រកសមុទ្រ Malacca និងសិង្ហបុរី មិនធ្ងន់ធ្ងរឡើយ ដោយ ៩០ភាគរយនៃករណីទាំងនោះ មិនមាននាវិកណាម្នាក់រងរបួសទេ។
មជ្ឈមណ្ឌលព័ត៌មាន សម្រាប់ ReCaap ដែលតំណាងឲ្យកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការលួចប្លន់ប្រដាប់អាវុធតាមសមុទ្រ ចំពោះនាវា នៅអាស៊ី បានឲ្យដឹងថា ហេតុការណ៍ ៩ ក្នុងចំណោម ១០ករណី បានកើតឡើងបន្ទាប់ពីមេឃចាប់ផ្ដើមងងឹត។

គ្មានអ្វីត្រូវបានលួចនោះឡើយ សម្រាប់ចំនួនពាក់កណ្តាលនៃ ៨០ករណី នៅក្នុងច្រកសមុទ្រអាស៊ីអាគ្នេយ៍ទាំង២ ខណៈដែលនៅក្នុងឧប្បត្តិហេតុ ២៩ភាគរយ អ្នកវាយប្រហារបានយកគ្រឿងបន្លាស់ម៉ាស៊ីន។ មជ្ឈមណ្ឌលព័ត៌មានខាងលើ បានបញ្ជាក់ទៀតថា ប្រហែលពាក់កណ្តាលនៃការវាយប្រហារ នៅច្រកសមុទ្រ Malacca និងសិង្ហបុរី គឺលើនាវាដឹកទំនិញ និង ១ភាគ៤ លើនាវាដឹកប្រេង។
មជ្ឈមណ្ឌល ReCaap បានបន្ថែមថា៖ «នៅក្នុងហេតុការណ៍ភាគច្រើន ឧក្រិដ្ឋជនបានឡើងលើនាវាដែលមិនបានរៀបចំឲ្យបានល្អ មានជាន់នាវាទាប និងធ្វើនាវាចរណ៍ក្នុងល្បឿនយឺតៗ នៅក្នុងតំបន់រឹតបន្តឹងនៃច្រកសមុទ្រ Malacca និងសិង្ហបុរី»៕
