ទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាតិ និយាយនៅថ្ងៃព្រហស្បតិ៍នេះថា នគរបាលប៉ាគីស្ថាន ចាប់ខ្លួនបានមនុស្ស ១៤៩នាក់ រួមទាំងជនបរទេស ៧១នាក់ ដែលភាគច្រើននៃពួកគេគឺជាជនជាតិចិន នៅក្នុងការវាយឆ្មក់មួយលើមជ្ឈមណ្ឌលឆបោក ។

ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អំឡុងការវាយឆ្មក់ មជ្ឈមណ្ឌលឆបោកដ៏ធំមួយត្រូវបានរកឃើញ ដែលជាប់ពាក់ព័ន្ធនឹងគម្រោង Ponzi ហើយនិងការក្លែងបន្លំវិនិយោគទុន ។
តាមរយៈបណ្តាញក្លែងបន្លំនេះ សាធារណៈជនត្រូវបានបោកប្រាស់ ហើយប្រាក់យ៉ាងច្រើន ត្រូវបានគេប្រមូលដោយខុសច្បាប់ ។
ទីភ្នាក់ងារមួយនេះ និយាយទៀតថា ក្រោយពីទទួលបានការសម្ងាត់ស្តីពីបណ្តាញឆបោក ប្រតិបត្តិការវាយឆ្មក់ បានធ្វើឡើងនៅទីក្រុង Faisalabad ដែលជាមជ្ឈមណ្ឌលផលិតកម្មស្ថិតនៅភាគខាងកើតប្រទេសប៉ាគីស្ថាន ។
អ្នកដែលត្រូវចាប់ខ្លួនទាំងអស់ ស្ថិតក្នុងឃុំ រួមទាំងជនជាតិប៉ាគីស្ថាន ៧៨នាក់ ជនជាតិចិន ៤៨នាក់ ក៏ដូចជាជនជាតិមកពីប្រទេសនីហ្សេរីយ៉ា ហ្វីលីពីន ស្រីលង្កា បង់ក្លាដែស ហ្ស៊ីមបាបវ៉េ និងមីយ៉ាន់ម៉ា ផងដែរ ៕
