អឺរ៉ុប៖ មន្ត្រីអង្គការណាតូបាននិយាយកាលពីថ្ងៃអង្គារថា អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg គ្រោងនឹងរៀបចំជំនួបពិសេសមួយដែលមានការចូលរួមពីបណ្ដាឯកអគ្គរដ្ឋទូតជាសម្ព័ន្ធមិត្ត និងក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ីនៅសប្ដាហ៍ក្រោយ ខណៈភាគីទាំង ២ ស្វែងរកការសន្ទនាដើម្បីទប់ស្កាត់ជម្លោះដោយបើកចំហជុំវិញវិបត្តិអ៊ុយក្រែន។
ដោយមានក្ដីបារម្ភខ្លាំងដែលកើតចេញពីការបង្កើនកម្លាំងកងទ័ពរុស្ស៊ី នៅតាមព្រំដែនជាមួយប្រទេសអ៊ុយក្រែន សម្ព័ន្ធមិត្តយោធាលោកខាងលិចបានកំពុងស្វែងរកការបើកជំនួបនៃក្រុមប្រឹក្សាណាតូ -រុស្ស៊ីរយៈពេលជាច្រើនមកហើយ ប៉ុន្តែវេទិកានេះទំនងជាបរាជ័យបន្ទាប់ពីជម្លោះដ៏ចម្រូងចម្រាសកាលពីតែតុលា។ ជំនួបនៃក្រុមប្រឹក្សាជាទម្រង់ដែលធ្លាប់បានប្រើ សម្រាប់ការសន្ទនាចាប់តាំងពីឆ្នាំ២០០២ មកនឹងត្រូវកើតឡើងនៅក្នុងទីក្រុងព្រូសែលនៅថ្ងៃទី១២ ខែមករា បន្ទាប់ពីក្រុមមន្ត្រីសហរដ្ឋអាមេរិក និងរុស្ស៊ីជួបពិភាក្សាស្ដីពីបញ្ហាសន្តិសុខនៅថ្ងៃទី១០ ខែមករានៅក្នុងទីក្រុងហ្សឺណែវ។
អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបលោក Josep Borrell បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ សម្រាប់ដំណើររយៈពេល ២ថ្ងៃដើម្បីបង្ហាញការគាំទ្រដល់ទីក្រុងគៀវ ដែលគិតស្រមៃចង់ចូលរួមជាសមាជិកប្លុកនេះ និងអង្គការណាតូ។ សម្ព័ន្ធនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ជាការត្រៀមរៀបចំសម្រាប់ជំនួបការទូតនៅសប្ដាហ៍ក្រោយ ក្រុមរដ្ឋមន្ត្រីការបរទេសជាសមាជិកអង្គការណាតូនឹងរៀនចំជំនួបតាមវីដេអូនៅថ្ងៃសុក្រ ដែលដឹកនាំដោយលោក Stoltenberg។ ទីក្រុងមូស្គូចង់បានការធានាងថា សម្ព័ន្ធណាតូនឹងបញ្ឈប់ការពង្រីកកម្លាំងយោធានៅភាគខាងកើត និងបញ្ចប់កិច្ចសហប្រតិបត្តិការណ៍យោធាជាមួយអ៊ុយក្រែន និងហ្ស៊កហ្ស៊ីដែលមានជម្លោះដែនដីជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខមាន