កាវាយប្រហារយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី លើរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានសម្លាប់មនុស្ស ២នាក់ និងមនុស្ស ១៣នាក់ផ្សេងទៀត រងរបួស ហើយនិងបណ្តាលឲ្យកើតមានអគ្គិភ័យនៅអគារផ្ទះល្វែង និងអគារមិនមែនជាលំនៅដ្ឋាន ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ចាប់ផ្តើមឡើងវិញការចែកចាយអាវុធទៅកាន់ប្រទេសញាំញីដោយសារភ្លើងសង្រ្គាមមួយនេះ ។
វាគឺជាការវាយប្រហារកើនឡើងចុងក្រោយរបស់រុស្ស៊ីផងដែរ ដោយប្រើប្រាស់យានដ្រូន និងមីស៊ីលទម្លុះប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែននៅវេលាពេលដ៏គ្រោះថ្នាក់ ក្នុងសង្រ្គាមដែលបានង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ រត់រកជម្រកគ្រាប់បែកញឹកញាប់នៅពេលយប់ ។

លោក Tymur Tkachenko គឺជាប្រធានរដ្ឋបាលយោធាក្រុងគីវ និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា អគារអ្នកស្រុក រថយន្ត ឃ្លាំងស្តុកទំនិញ ការិយាល័យ និងអគារមិនមែនមែនលំនៅដ្ឋាន រងការឆាបឆេះជាអគ្គិភ័យ ។
ទំហំពេញលេញនៃការវាយប្រហារ ពុំទាន់ដឹងច្បាស់ភ្លាមៗនោះទេ ។ នៅពុំទាន់មានសេចក្តីអត្ថាធិប្បាយពីទីក្រុងម៉ូស្គូផងដែរ ពាក់ព័ន្ធនឹងការវាយប្រហារនេះដែលបានកើតមានឡើង ក្រោយរុស្ស៊ី បើកការវាយប្រហារយានច្រើនបំផុតក្នុងពេលមួយយប់ មានគោលដៅលើប្រទេសជិតខាងតូចជាងខ្លួនមួយនេះ ។
ក្រុមមន្រ្តីក្រុងគីវ និយាយថា ការខូចខាតត្រូវបានរាយការណ៍នៅតាមខណ្ឌចំនួន ៦ក្នុងចំណោម ១០ខណ្ឌរបស់ទីក្រុងមួយនេះ ។
សេវាកម្មសង្រ្គោះបន្ទាន់ជាតិ និយាយថា នៅទីក្រុងខ្សែត្រៀមមុខ Kostiantynivka ស្ថិតនៅតំបន់ភាគខាងកើតអ៊ុយក្រែន ការវាយប្រហារតាមច្រកអាកាសរុស្ស៊ី បានសម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់ រងរបួស កាលពីយប់ថ្ងៃពុធ ៕
