ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែកក្កដា) នេះ បានលើកឡើងថា ការដំឡើងពន្ធ «តាមតែចិត្តនឹកឃើញ» «មិនផ្ដល់ផលចំណេញដល់ភាគីណាមួយឡើយ» ជាក់ស្ដែងដូចជាការយកកម្រិត ៥០ភាគរយលើទង់ដែងជាដើម ដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដោយសំអាងលើហេតុផលសន្តិសុខជាតិ។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថ្ងៃថា៖ «យើងតែងតែប្រឆាំងជានិច្ច ចំពោះការរឹតបន្តឹងហួសហេតុនៃគោលគំនិតសន្តិសុខជាតិ»។ លោកស្រីបានបន្ថែមថា៖ «យើងតែងតែជឿថា មិនមានអ្នកឈ្នះនោះទេនៅក្នុងសង្គ្រាមពន្ធ និងសង្គ្រាមពាណិជ្ជកម្ម ហើយការដំឡើងពន្ធតាមអំពើចិត្ត មិនបម្រើផលប្រយោជន៍ឲ្យភាគីណាមួយឡើយ»។
គួរបញ្ជាក់ថា លោក Trump បានប្រកាសកាលថ្ងៃទី៩ ខែកក្កដាថា ការដាក់កាតព្វកិច្ចពន្ធ «សន្តិសុខជាតិ» របស់សហរដ្ឋអាមេរិកចំនួន ៥០ភាគរយលើការនាំចូលទង់ដែងដែលជាលោហៈដ៏សំខាន់ សម្រាប់ផលិតថាមពលបៃតង និងបច្ចេកវិទ្យាផ្សេងទៀត នឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា៕

