វាយកូនបាល់៖ កីឡាករ Alexander Zverev បានបង្ហាញពីទំរង់លេងអស្ចារ្យរបស់ខ្លួនតាមរយៈជ័យជំនះលើកីឡាករ Taylor Fritz ឱ្យអាល្លឺម៉ង់យកឈ្នះអាមេរិកនៅពានរង្វាន់ ATP Cup នៅអូស្ត្រាលី។ មុនការប្រកួតរវាងអ្នកទាំង២ កីឡាករអាល្លឺម៉ង់ Jan-Lennard Struff ប្រកួតមុនយកឈ្នះកីឡាករកំពស់ខ្ពស់អាមេរិក John Isner។

ក្រោយមកម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូ Alexander Zverev ក៏រកបានជ័យជំនះមួយទៀតឱ្យអាល្លឺម៉ង់ក្នុងលទ្ធផល ៦-៤ និង ៦-៤ លើកីឡាករអាមេរិក Taylor Fritz។ អាល្លឺម៉ង់ស្ថិតនៅក្នុងពូល C ជាមួយនឹងចក្រអង់គ្លេស អាមេរិក និងកាណាដា។ ក្នុងពូលនេះដែរកាណាដាវាយបកពីក្រោយយកឈ្នះអង់គ្លេស ២-១ បន្ទាប់ពីអង់គ្លេសនាំមុខមុនដោយជ័យជំនះរបស់ Dan Evans យកឈ្នះ Denis Shapovalov ៦-៤ និង ៦-៤។ ក្រោយមកកាណាដាក៏តាមស្មើវិញដោយ Felix Auger-Aliassime យកឈ្នះ Cameron Norrie ៧-៦(៧-៤) និង ៦-៣។
បន្តមកការប្រកួតវាយគូ កាណាដាយកឈ្នះទៀតលើអង់គ្លេសដោយលទ្ធផល ៦-៤ និង ៦-១។ សូមបញ្ជាក់ថា ការប្រកួតវាយកូនបាល់ពានរង្វាន់ ATP Cup នេះគឺជាការប្រកួតតំណាងប្រទេសស្រដៀងគ្នានឹងពាន Davis Cup ដែរដោយការប្រកួតបែងចែកជា ៤ពូលក្នុងមួយពូលមាន ៤ក្រុមសរុប ១៦ក្រុម។ ក្នុងមួយពូលយកតែ ១ក្រុមតែប៉ុណ្ណោះដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈវគ្គផ្តាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី៩ ខែមករានេះ៕
អត្ថបទ៖នាង សុភាវុធ