ស្នងការសន្តិសុខផ្ទៃក្នុងរបស់រដ្ឋ នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែកក្កដ) នេះ បានឲ្យដឹងថា កងកម្លាំងសន្តិសុខនីហ្សេរីយ៉ា បានសម្លាប់សមាជិកក្រុមចោរប្រដាប់អាវុធយ៉ាងហោចណាស់ ៣០នាក់ ក្នុងអំឡុងពេលមានប្រតិបត្តិការប្រឆាំងរួមបញ្ចូលគ្នា នៅតំបន់ Faskari នៃរដ្ឋ Katsina នៅភាគពាយព្យប្រទេស។
លោក Nasir Mua'zu បាននិយាយថា កងកម្លាំងចម្រុះ ដែលរួមមាននគរបាល យោធា និងកងទ័ពអាកាស បានឆ្លើយតបទៅនឹងការវាយប្រហារដំណាលគ្នារបស់ក្រុមចោរប្រដាប់អាវុធរាប់រយនាក់លើសហគមន៍ នៅតំបន់ Kadisau, Raudama និង Sabon Layi កាលពីយប់ថ្ងៃអង្គារ។

លោក Mua'zu បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង កងកម្លាំងសន្តិសុខ បានវាយឲ្យក្រុមវាយប្រហារដកទៅវិញ ដោយសមាជិក ៣០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសចម្រុះ នៅពេលពួកគេព្យាយាមរត់គេចខ្លួន។
តែយ៉ាងណាក្ដី លោកបានបន្ថែមថា មន្ត្រីសន្តិសុខ ៥នាក់ និងជនស៊ីវិលម្នាក់ បានបាត់បង់ជីវិត ខណៈជនស៊ីវិលម្នាក់ដែលរងរបួស កំពុងទទួលការព្យាបាល។
គួរបញ្ជាក់ថា ក្រុមអន្ធពាលនៃក្រុមប្រដាប់អាវុធធុនធ្ងន់ ដែលត្រូវបានគេស្គាល់ថា ជាក្រុមចោរប្រដាប់អាវុធ បានបង្កការបំផ្លិចបំផ្លាញពាសពេញភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយចាប់ជំរិតមនុស្សរាប់ពាន់នាក់ សម្លាប់មនុស្សរាប់រយនាក់ ហើយបង្កអសន្តិសុខដល់ការធ្វើដំណើរតាមផ្លូវ ឬតាមកសិដ្ឋាន ក្នុងតំបន់មួយចំនួន៕


