ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែកក្កដា) នេះ បាននិយាយថា ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ គួរតែទម្លាក់ចោល «ស្តង់ដារ ២» របស់ខ្លួន ប្រសិនបើទីក្រុងតេអេរ៉ង់ត្រូវចាប់ផ្ដើមឡើងវិញនូវកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននេះ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាម។
គួរបញ្ជាក់ថា លោកប្រធានាធិបតី Masoud Pezeshkian កាលពីសប្តាហ៍មុន បានអនុម័តច្បាប់ផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ហើយ IAEA បានឲ្យដឹងថា ខ្លួនបានដកមន្ត្រីអធិការកិច្ចចុងក្រោយរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ង់ហើយ។
ទំនាក់ទំនង រវាងអ៊ីរ៉ង់ និង IAEA កាន់តែធ្លាក់ចុះខ្លាំងឡើងៗ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើអ៊ីរ៉ង់ កាលពីខែមិថុនា ដោយផ្ដល់ហេតុផលថា ប្រទេសទាំង២ ចង់រារាំងទីក្រុងតេអេរ៉ង់កុំឲ្យផលិតអាវុធបរមាណូ។ អ៊ីរ៉ង់តែងតេបញ្ជាក់ម្ដងហើយម្ដងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ហើយបដិសេធមិនបានប្រឹងប្រែងផលិតអាវុធបរមាណូឡើយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីរបស់លោក Pezeshkian ដែលបានប្រាប់ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa តាមទូរសព្ទថា៖ «ការចាប់ផ្ដើមឡើងវិញនូវកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយទីភ្នាក់ងារ (IAEA) នេះ អាស្រ័យទៅលើការកែតម្រូវស្តង់ដារ ២ របស់ស្ថាប័ននេះ ទាក់ទងនឹងឯកសារនុយក្លេអ៊ែរ»
ហើយលោកបានសង្កត់ធ្ងន់ថា៖ «ការឈ្លានពានដដែលៗណាមួយ (ប្រឆាំងនឹងអ៊ីរ៉ង់) នឹងត្រូវបានជួបជាមួយនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងលទ្ធផលដ៏គួរឲ្យស្ដាយក្រោយ»។
ទីក្រុងតេអេរ៉ង់បានចោទប្រកាន់ IAEA ថា មិនបានថ្កោលទោសការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយបញ្ជាក់ថា ស្ថាប័នឃ្លាំមើលនុយក្លេអ៊ែរ បានបើកផ្លូវឲ្យមានការទម្លាក់គ្រាប់បែកដោយចេញសេចក្តីសម្រេច ដែលប្រកាសថា អ៊ីរ៉ង់បំពានលើកាតព្វកិច្ចមិនរីកសាយភាយរបស់ខ្លួន៕