អ្នកការទូតជន់ខ្ពស់កាណាដា បានប្រាប់ឲ្យដឹងថា ទីក្រុង Ottawa កំពុងប្រឹងប្រែងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃការជំរុញដល់ការពង្រីកទៅកាន់ទីផ្សារថ្មី ដោយឆ្លើយតបទៅនឹងពន្ធកម្រិតខ្ពស់ដាក់ដោយសហរដ្ឋអាមេរិក ដែលជាអ្នកជិតខាង និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេស លោកស្រី Anita Anand បានប្រាប់ថា ប្រទេសកាណាដាមានបំណងបន្តទំនាក់ទំនងពាណិជ្ជកម្មទៅវិញទៅមកជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ដែលមានសមាជិកទាំង ១០ប្រទេស។ ហើយលោកស្រីបានបន្ថែមថា កាណាដាជឿជាក់ថា សេដ្ឋកិច្ចពិភពលោកនឹងត្រូវបានជំរុញដោយតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងប៉ុន្មានឆ្នាំខាងមុខ។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Reuters បន្ទាប់ពីលោកស្រីបានជួបជាមួយសមភាគីមកពីប្លុកអាស៊ាន នៅរដ្ឋធានីរបស់ប្រទេសម៉ាឡេស៊ី លោកស្រី Anand បានប្រាប់ថា៖ «ការងារកំពុងត្រូវបានធ្វើប្រកបដោយភាពរួសរាយរាក់ទាក់ ដើម្បីបញ្ចប់អត្ថបទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»។
លោកស្រីបានបញ្ជាក់ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា៖ «វាមានភាពស្មុគស្មាញ ប៉ុន្តែយើងកំពុងសង្ឃឹមខ្ពស់ថា វានឹងត្រូវបញ្ចប់យ៉ាងឆាប់តាមដែលអាចធ្វើទៅបាន»។
លោកស្រី Anand បានសង្កត់ធ្ងន់ថា FTA អាស៊ាន-កាណាដា គឺជាវិធីមួយ ដែលកាណាដាអាចធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនឲ្យលើសពីក្រុមប្រទេសមានឧស្សាហកម្មឈានមុខគេទាំង៧ ឬ G7។ លើសពីនេះ លោកស្រីបានលើកឡើងទៀតថា ក្រៅពីពាណិជ្ជកម្ម កាណាដាក៏នឹងធ្វើការជាមួយអាស៊ានលើថាមពល សន្តិសុខស្បៀង សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិតផងដែរ៕