នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែកក្កដា) នេះ បានប្រាប់ថា បណ្ដាប្រទេសចូលរួមក្នុងសន្និសីទទីក្រុងរ៉ូម ស្តីពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អ៊ុយក្រែន បានសន្យាផ្ដល់ទឹកប្រាក់ជាង ១០ពាន់លានអឺរ៉ូ (១១,៧៣ពាន់លានដុល្លារ) ដើម្បីជួយប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។
នៅក្នុងសុន្ទរកថាបើកសន្និសីទរបស់លោកស្រី លោកស្រី Meloni បានលើកឡើងថា៖ «ខ្ញុំគិតថា មិនថាប្រទេស អង្គការអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋាន វិស័យធុរកិច្ច និងសង្គមស៊ីវិល យើងគួរតែមានមោទកភាព ចំពោះលទ្ធផលដែលយើងសម្រេចបានរួមគ្នានៅថ្ងៃនេះ»។ លោកស្រីបានបញ្ជាក់ថា៖ «រួមគ្នានៅក្នុងសន្និសីទថ្ងៃនេះ យើងបានប្ដេជ្ញាចិត្តផ្ដល់ទឹកប្រាក់សរុបជាង ១០ពាន់លានអឺរ៉ូ»។
ចំណែកប្រធានាំធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឲ្យមានការវិនិយោគ លើវិស័យការពារជាតិ ដើម្បីទប់ទល់នឹងការកើនឡើងនូវការវាយប្រហាររបស់រុស្ស៊ី ដែលលោកបាននិយាយថា នេះជាគឺជាការបង្ហាញថា មេដឹកនាំរុស្ស៊ី លោក Vladimir Putin ស្វែងរកការបំផ្លាញ «ជីវិត» នៅក្នុងអ៊ុយក្រែន។
លោក Zelenskyy បាននិយាយនៅឯសន្និសីទនោះថា «យើងត្រូវតែបញ្ឈប់យានដ្រូន និងមីស៊ីលរបស់រុស្ស៊ី» ដោយលោកបានបន្ថែមថា៖ «ខ្ញុំជំរុញឲ្យដៃគូរបស់យើងទាំងអស់ បង្កើនការវិនិយោគ។ នៅពេលដែលរុស្ស៊ីបង្កើនការវាយប្រហារ យើងមិនអាចខ្វះថវិកាបានទេ»៕