IMF៖ អ្នកនាំពាក្យរបស់ស្ថាប័នផ្ដល់ប្រាក់កម្ចីពិភពលោកបាននិយាយកាលពីថ្ងៃអង្គារថា មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF នឹងផ្សព្វផ្សាយទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួននៅថ្ងៃទី២៥ ខែមករា យឺតជាងមួយសប្ដាហ៍នៃការគ្រោងទុកដើម្បីកំណត់កត្តានៃការវិវឌ្ឍន៍ចុងក្រោយបំផុតនៃវីរុស COVID-19 ស្របពេលមានសញ្ញានៃការបន្ទាបចំណាត់ថ្នាក់មួយផ្សេងទៀតនឹងមកដល់។

អ្នកនាំពាក្យរូបនេះបាននិយាយថា ការធ្វើបច្ចុប្បន្នភាពទស្សនវិស័យសេដ្ឋកិច្ចពិភពលោក នឹងត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី២៥ ខែមករា ដើម្បីអនុញ្ញាតឱ្យក្រុមរបស់យើងបញ្ចូលការវិវឌ្ឍន៍ចុងក្រោយបង្អស់ ទាក់ទងនឹងជំងឺរាតត្បាតសកល COVID-19 ទៅក្នុងការព្យាករណ៍សេដ្ឋកិច្ច។ អ្នកនាំពាក្យ IMF លោក Gerry Rice កាលពីខែមុនបានប្រាប់អ្នកសារព័ត៌មានឱ្យរំពឹងថា នឹងមានបច្ចុប្បន្នភាពនៅថ្ងៃទី១៩ ខែមករា។ នាយកគ្រប់គ្រង Kristalina Georgieva កាលពីខែមុនបានប្រាប់សន្និសីទ Reuters Next ថា IMF ទំនងជានឹងបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកបន្ថែមទៀតនៅក្នុងខែមករា ដើម្បីឆ្លុះបញ្ចាំងពីការផ្ទុះឡើងនៃវីរុសបម្លែងខ្លួនថ្មី Omicron។ កាលពីខែតុលា IMF បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចពិភពលោកចំនួន ៥.៩% ក្នុងឆ្នាំ២០២១ និង ៤.៩% នៅឆ្នាំនេះ។ ខណៈដែលគូសបញ្ជាក់អំពីភាពមិនច្បាស់លាស់ដែលបង្កឡើងដោយសារវីរុសកូរ៉ូណាបម្លែងខ្លួនថ្មីនានា។ វីរុសនេះបានសម្លាប់មនុស្សជិត ៥លាន ៨សែននាក់នៅទូទាំងពិភពលោកក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ៕
អត្ថបទ៖ សុខមាន