ការរីករាលដាលជំងឺអាសន្នរោគនៅតំបន់រ៉ែមាសស្ថិតក្នុងខេត្ត South Kivu បានឆ្លងមនុស្សជាង ៦០០នាក់ ធ្វើឲ្យប៉ះពាល់ដល់សេវាកម្មសុខភាពក្នុងស្រុក និងបង្ហាញពីបញ្ហាប្រឈមអនាម័យធ្ងន់ធ្ងរនៅតំបន់ភាគខាងកើតកុងហ្គោដែលញាំញីដោយសារជម្លោះ ។
ក្រុមគ្រូពេទ្យគ្មានព្រំដែន(MSF) បានព្យាបាលអ្នកជំងឺយ៉ាងហោច ៦០០នាក់ នៅមណ្ឌលសុខភាពបណ្តោះអាសន្ន ស្ថិតក្នុងទីក្រុង Lomera ដែលជាផ្នែកមួយនៃតំបន់រ៉ែមាស Luhihi ក្នុងនោះមនុស្សជាង ៣៥០ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។
លោកវេជ្ជបណ្ឌិត Matilde Cilley ដែលជាអ្នកតំណាងវេជ្ជសាស្រ្តរបស់ក្រុម MSF សម្រាប់ខេត្ត South Kivu និយាយថា បញ្ហាប្រឈមធំជាងគេបំផុតដែលពួកយើងមាន គឺការបំលាស់ទីឥតឈប់ឈររបស់ប្រជាពលរដ្ឋ ហើយការទទួលបានទឹកស្អាត ក៏ជាបញ្ហាប្រឈមសំខាន់មួយផងដែរ ។ ពួកគេមួយចំនួនបង្ខំផឹកទឹកដែលទទួលបានពីប្រភពកខ្វក់ ។
លោកវេជ្ជបណ្ឌិត Justin Bengehya មកពីមន្ទីរសុខាភិបាលខេត្ត South Kivu បានរាយការណ៍ពីករណីឆ្លង ៥.៣៦០នាក់ និងករណីស្លាប់ ២៨នាក់ នៅទូទាំងខេត្ត ចាប់តាំងពីដើមឆ្នាំ ២០២៥នេះ ក្នុងនោះ ៩០ភាគរយនៃករណីឆ្លង ១.២៧១នាក់ នៅតំបន់ Katana មានដើមកំណើតកើតចេញពីទីក្រុង Lomera ។
សូមបញ្ជាក់ថា ជំងឺអាសន្នរោគដែលជាជំងឺឆ្លងបាក់តេរី បណ្តាលមកពីការទទួលទានអាហារ និងទឹកមិនស្អាត អាចសម្លាប់មនុស្សបានត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បើសិនជាគ្មានការព្យាបាលទេនោះ ៕