ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយថាលោកចង់ស្វះស្វែងរកដំណោះស្រាយការទូតចំពោះការគំរាមកំហែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump អំពីការដំឡើងពន្ធ ៥០% លើការនាំចេញរបស់ប្រេស៊ីល ប៉ុន្តែបានប្តេជ្ញាថានឹងសងសឹកតបតវិញយ៉ាងចាស់ដៃ ប្រសិនបើពន្ធដ៏សន្ធឹកនេះចូលជាធរមាននៅថ្ងៃទី០១ ខែសីហា ពិតមែន។

លោក Lula បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា "ដំបូងប្រស៊ីលនឹងព្យាយាមចរចាជាមុនសិន ប៉ុន្តែប្រសិនបើមិនមានការចរចាទេ ច្បាប់បដិការនៃពន្ធតម្រូវឱ្យត្រូវគ្នាទៅមកនឹងត្រូវបានអនុវត្ត" ដោយលើកពីច្បាប់មួយដែលសភាប្រេស៊ីលទើបអនុម័តផ្តល់អំណាចដល់ប្រធានាធិបតីដើម្បីសងសឹកនឹងរបាំងពាណិជ្ជកម្ម។ លោកបន្តថា "ប្រសិនបើគេគិតពន្ធ ៥០ ពីប្រេស៊ីល នោះប្រេស៊ីលនឹងយក ៥០ មកវិញ"។
លោក Lula បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងបង្កើតគណៈកម្មាធិការមួយជាមួយបណ្ដាមេដឹកនាំធុរកិច្ចរបស់ប្រេស៊ីល ដើម្បី "គិតគូរឡើងវិញ" អំពីគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសនេះជាមួយសហរដ្ឋអាមេរិក។
អ្នកការទូតប្រេស៊ីលមួយរូបដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ប្រធានាធិបតីរូបនេះទំនងជាមិនប្រកាសវិធានការសងសឹកណាមួយភ្លាមឡើយ រហូតទាល់តែពន្ធអាមេរិកនោះត្រូវបានអនុវត្ត។ ប្រភពដដែលបន្តថា៖ "ប្រេស៊ីលមានពេលដល់ថ្ងៃទី០១ ខែសីហា"។ គួរឱ្យដឹងថា សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ប្រេស៊ីល បន្ទាប់ពីចិន ហើយមានអតិរេកពាណិជ្ជកម្មដ៏កម្រជាមួយនឹងសេដ្ឋកិច្ចធំបំផុតរបស់អាមេរិកឡាទីនមួយនេះ៕

