រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា លោកបានសម្តែងការខកចិត្តរបស់សហរដ្ឋអាមេរិក ដែលពុំមានការរីកចម្រើនបន្ថែមទៀតលើការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ១០ កក្កដា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ។

លោក Rubio បាននិយាយអំពីកិច្ចពិភាក្សារយៈពេល ៥០ នាទីរបស់លោកជាមួយលោក Lavrov នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ថា ការជួបគ្នារវាងលោកទាំងពីរ គឺជាការសន្ទនាប្រកបដោយស្មោះត្រង់ និងមានសារៈសំខាន់។
លោកបាននិយាយថា លោកបានបង្ហាញទៅកាន់លោក Lavrov នូវអ្វីដែលប្រធានាធិបតីអាមេរិក Donald Trump បាននិយាយជាសាធារណៈថា ពុំមានការបត់បែនបន្ថែមទៀតលើភាគីរុស្ស៊ីក្នុងការបញ្ចប់ជម្លោះនេះទេ ។
ជំនួបផ្ទាល់ជាលើកទី២របស់បេសកជនទាំងពីរ បានធ្វើឡើងស្របពេលមានការវាយប្រហាររបស់រុស្ស៊ីកាន់តែខ្លាំងស្រោចលើអ៊ុយក្រែនក្នុងសប្ដាហ៍នេះដោយប្រើយានដ្រូនជាង៧០០គ្រឿង ។
លោក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍បានសម្តែងការខកចិត្តជាមួយរុស្ស៊ីចំពោះកង្វះវឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពលើអ៊ុយក្រែន ដោយបានបន្ទរការរិះគន់កាន់តែខ្លាំងរបស់ប្រធានាធិបតី Trump លើប្រធានាធិបតី Vladimir Putin ជុំវិញការកើនឡើងនៃសង្រ្គាម។
អ្នកការទូតជាន់ខ្ពស់អាមេរិករូបនេះ បាននិយាយថារូបលោកនិងលោក Lavrov បានចែករំលែកគំនិតមួយចំនួន រួមទាំង វិធីសាស្រ្តថ្មីៗ ឬការខ្វែងគំនិតគ្នា ពីភាគីរុស្ស៊ី ដែលលោក ថានឹងបញ្ជូនទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក នៅពេលលោកត្រឡប់មកវិញ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា មានការផ្លាស់ប្តូរទស្សនៈជាក់ស្តែង និងស្មោះត្រង់ លើស្ថានភាពជុំវិញអ៊ុយក្រែន អ៊ីរ៉ង់ និងស៊ីរី៕


