នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា លោកសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងមួយក្នុងរយៈពេលពីរឬបីថ្ងៃខាងមុខ សម្រាប់ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបន្ថែមទៀតដែលកំពុងត្រូវបានឃុំខ្លួនដោយក្រុមអ៊ីស្លាមហាម៉ាសប៉ាឡេស្ទីន ក្នុងដែនដីហ្កាហ្សា។

លោក Netanyahu បាននិយាយថា ចំណាប់ខ្មាំង ៥០ នាក់នៅតែត្រូវបានក្រុមហាម៉ាសឃុំខ្លួននៅឡើយក្នុងចំណោមតួលេខនោះ មានតែ ២០ នាក់ប៉ុណ្ណោះដែលត្រូវបានគេជឿថានៅរស់។
លោក Netanyahu បាននិយាយក្នុងបទសម្ភាសន៍មួយនៅលើកម្មវិធីទូរទស្សន៍ Newsmax ដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោក ចង់រំដោះពួកគេមកវិញទាំងអស់ខ្លាំងណាស់ ស្របពេលលោកបានពិភាក្សាផ្ដោតលើសង្គ្រាមហ្កាហ្សា និងដោះលែងចំណាប់ខ្មាំង ជាមួយលោក Trump អំឡុងទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនសប្ដាហ៍នេះ។
ដូច្នេះ យើងនឹងមានមនុស្សរស់នៅសល់ ១០ នាក់ និងចំណាប់ខ្មាំងដែលស្លាប់ប្រហែល ១២ នាក់ ប៉ុន្តែលោកក៏នឹងនាំពួកគេចេញពីតំបន់នោះដែរ។ លោកសង្ឃឹមថានឹងអាចបញ្ចប់ ក្នុងពេលពីរឬបីថ្ងៃទៀត។
ទូរទស្សន៍រដ្ឋ Kan TV របស់អ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះ អ៊ីស្រាអែលបានដាក់សំណើថ្មីទៅក្រុមអ្នកសម្របសម្រួលកាតាសម្រាប់ការដកកងកម្លាំងមួយផ្នែក ចេញពីដែនដីហ្កាហ្សា ស្របពេលការចរចាដោយប្រយោលស្ដីពីការដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស។
ចំណែកអ្នកស្រុកជាច្រើននៅតំបន់ហ្កាហ្សាស្ទ្រីប បានអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាស ឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕


