ក្រុមបាតុករប្រេស៊ីល បានសម្តែងការខឹងសម្បាររបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ (១០ កក្កដា) នៅក្នុងទីក្រុង Sao Paulo ក្នុងអំឡុងពេលបាតុកម្មមួយ ដែលដំបូងឡើយបានធ្វើឡើងក្នុងគោលបំណងគាំទ្រគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលប៉ុណ្ណោះ ប៉ុន្តែបានផ្លាស់ប្តូរការផ្តោតយ៉ាងឆាប់រហ័សបន្ទាប់ពីការប្រកាសពន្ធថ្មីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

ក្រុមអ្នកតវ៉ាបានដុតរូបក្រដាសរបស់លោក Trump និងទង់ជាតិសហរដ្ឋអាមេរិក ខណៈកំពុងស្រែកពាក្យរតវ៉ាដូចជា "ប្រេស៊ីលជារបស់ពួកយើង" និង "គោរពប្រេស៊ីល" ជាដើម។ បាតុករបានរិះគន់ខ្លាំងៗលើវិធានការពន្ធរបស់អាមេរិក ខណៈអ្នកខ្លះនិយាយថា "ដល់ពេលហើយដែលអាមេរិកត្រូវយល់ថា ប្រេស៊ីល អាមេរិកឡាទីន មិនមែនជាផ្លូវក្រោយរបស់ពួកគេឡើយ ប្រេស៊ីលមិនអាចរងពន្ធពីអ្នកដទៃហើយគិតថាមិនអីបាននោះទេ"។

បាតុកម្មនេះដើមឡើយត្រូវបានរៀបចំឡើងដើម្បីគាំទ្រសំណើពន្ធអាករក្នុងស្រុកលើប្រជាជនដែលមានប្រាក់ចំណូលខ្ពស់នៅប្រេស៊ីល ប៉ុន្តែការតវ៉ាបានផ្លាស់ប្តូរទិសដៅ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសពន្ធ ៥០% លើផលិតផលប្រេស៊ីល។ ការគំរាមបង្កើនពន្ធនេះបានបង្កឱ្យមានការថ្កោលទោសយ៉ាងទូលំទូលាយពីក្រុមបាតុករដែលចាត់ទុករឿងនេះថាជាការវាយប្រហារលើអធិបតេយ្យភាពរបស់ប្រេស៊ីល៕
