ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានចុះហត្ថលេលើអនុស្សរណៈយោគយល់គ្នា(MoU)ជាមួយក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាដៃគូក្រុមហ៊ុនអាកាសចរណ៍របស់ក្លឹប សម្រាប់ដំណើរទស្សនកិច្ចរបស់ក្លឹបទៅកាន់ទីក្រុងកូឡាឡាំពួរនាពេលខាងមុខ។ ពិធីចុះ MoU នេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែកក្កដាទៅ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន និងក្លិប ក៏ដូចជាកីឡាករមួយចំនួនផងដែរ។
តាមរយៈភាពជាដៃគូនេះ នឹងពង្រឹងចក្ខុវិស័យរួមគ្នា រវាងក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia និងក្លិបព្រះខ័នរាជស្វាយរៀង ក្នុងការលើកកម្ពស់វិស័យបាល់ទាត់កម្ពុជានៅក្នុងឆាកតំបន់ ដោយក្រុមហ៊ុន នឹងផ្តល់សំបុត្រធ្វើដំណើរដល់ថ្នាក់ដឹកនាំ ព្រមទាំងកីឡាករ-កីឡាការិនីរបស់ ក្លឹបចំនួន ៥១រូប ក្នុងដំណើរទស្សនកិច្ចមុនរដូវរបស់ក្លឹបពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងកូឡាឡាំពួរ នៅចន្លោះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥ ដែលជាផ្នែកមួយ នៃកម្មវិធីហ្វឹកហាត់កំឡុង Pre-Season មុនរដូវកាល និងត្រៀមខ្លួនកាន់តែល្អប្រសើរ តាមរយៈការប្រកួតមិត្តភាពជាមួយក្លឹបល្បីៗរបស់ប្រទេសម៉ាឡេស៊ី។
គំនិតផ្តួចផ្តើមនៃដំណើរទស្សនៈកិច្ចនេះ នឹងផ្តល់នូវការបង្ហាញខ្លួនលើឆាកអន្តរជាតិរបស់កម្ពុជាដ៏មានតម្លៃ លើកកម្ពស់មោទនភាពជាតិនិងពង្រឹង ទំនាក់ទំនងក្នុងតំបន់ តាមរយៈទំនាក់ទំនងការទូតកីឡា។ ភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីតម្លៃស្នូលរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia «ហ៊ានស្រមៃ» (Dare to Dream) និងស្របជាមួយយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់អត្តពលិក និងបង្រួបបង្រួមសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ានតាមរយៈកីឡា។ ដោយធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល ក្រុមហ៊ុនអាកាចរណ៍ AirAsia Cambodia នៅ តែប្តេជ្ញាក្នុងការបន្តគាំទ្រយុវជនដែលមានទេពកោសល្យនិងសមត្ថភាព និងលើកកម្ពស់មោទនភាពជាតិ ភាពរួបរួមគ្នា និងទំនាក់ទំនងឆ្លងតំបន់។ ជាមួយគ្នា ភាគីទាំងពីរ ក៏មានគោលបំណងបំផុសគំនិតដល់អត្តពលិកជំនាន់ក្រោយរបស់កម្ពុជា និងបង្ហាញពីអានុភាពបង្រួបបង្រួមគ្នាតែមួយនៃកីឡាក្នុងការផ្សារភ្ជាប់វប្បធម៌ និងពង្រឹងទំនាក់ទំនងតំបន់។
លោក ណម វិស្សុត នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia មានប្រសាសន៍ថា ក្រុមហ៊ុនមានទំនុកចិត្តលើការតភ្ជាប់ទំនាក់ទំនងមនុស្ស និងសហគមន៍ ហើយកីឡា គឺជាមធ្យោបាយដ៏ឥទ្ធិពលមួយក្នុងការធ្វើវា។ លោកមានមោទនភាពក្នុងការគាំទ្រាក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងដំណើររបស់ពួកគេ និងចូលរួមចំណែកក្នុងការលើកកម្ពស់ក្លិប ដែលមានសមត្ថភាពរបស់កម្ពុជាទៅក្នុងតំបន់។ ដោយមានតែការធ្វើដំណើរទេ ដែលអាចផ្តល់ជាលទ្ធភាពឲ្យពួកគេ ហើយយើងនៅតែប្តេជ្ញាបន្តពង្រឹងយុវជន និងជំរុញភាពរួបរួមទូទាំងអាស៊ាន តាមរយៈបទពិសោធន៍រួមគ្នា ទាំង នេះក៏ដូចជាការចូលរួមចំណែកមួយនេះផងដែរ។
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបព្រះខ័នរាជស្វាយរៀង បានមានប្រសាសន៍ថា ភាពជាដៃគូនេះ គឺជាផ្នែកមួយនៃ ចក្ខុវិស័យកាន់តែធំទូលាយក្នុងការនាំយកបាល់ទាត់កម្ពុជាទៅកាន់កម្រិតខ្ពស់មួយដែលល្អប្រសើរជាងនេះ ខណៈពេលដែលធានាបានថា ក្រុមបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីប្រកួតក្នុងកម្រិតកំពូលបំផុតរបស់ក្រុម។ ជាមួយគ្នា ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនអាកាចរណ៍ AirAsia Cambodia ដែលជឿជាក់លើចក្ខុវិស័យរបស់ក្លិប និងសម្លឹងឆ្ពោះទៅមុខពីភាពជោគជ័យ និងមានអត្ថន័យខ្ពស់ចំពោះភាពជាដៃគូនេះនាពេលអនាគត។
អត្ថបទ លី ឈុនឡា, រូបភាព គង់ ហន៕