ភ្នំពេញ៖ ក្រសួងសង្គមកិច្ច នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១នេះ បានទទួលជួបស្វាគម និងទទួលអំណោយ ជារទេះរុញសម្រាប់ជនពិការ និងគ្រឿងឧបភោគបរិភោគមួយចំនួន ពី សប្បុរសជនជាជនជាតិ សាំងហ្គាពួរ។
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច នាព្រឹកនេះ បានទទួលជួបស្វាគម និងទទួលអំណោយពីសប្បុរសជន ជាជនជាតិ សាំងហ្កាពួរ។ អំណោយដែលផ្ដល់ជូនក្រសួងសង្គមកិច្ចនាពេលនេះ រួមមាន រទេះរុញចំនួន ៣០គ្រឿង មីចំនួន ៣០កេស និងត្រីខចំនួន ៣០យួរ។
ចំពោះការទទួលបានអំណោយនាព្រឹកនេះ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងអំណរគុណជូនសប្បុរសជន ជនជាតិសាំងហ្កាពួរ ដែលបានផ្ដល់ជាអំណោយទាំងរទេះរុញ និងគ្រឿងឧបភោគបរិភោគ។
ឯកឧត្តមបន្តថា អំណោយនេះ នឹងរួមចំណែកក្នុងការជួយដល់ប្រជាជនកម្ពុជា ជាពិសេសជនមានពិការភាព ដែលកំពុងត្រូវការរទេះរុញជាចាំបាច់។ ឯកឧត្តមលើកឡើងជារៀងរាល់ថ្ងៃ ក្រសួងក៏ទទួលបានការស្នើសុំរទេះរុញសម្រាប់ជនមានពិការភាពជាប្រចាំ ពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។
ពាក់ព័ន្ធនឹងបញ្ហាពិការភាពនេះ ឯកឧត្ដមរដ្ឋលេខាធិការបន្តប្រាប់ជូន សប្បុរសជនថា សព្វថ្ងៃកម្ពុជា មានប្រជាពលរដ្ឋដែលមានពិការភាព ប្រមាណ ៥% នៃប្រជាពលរដ្ឋសរុប។ ពួកគាត់មានពិការភាព ដោយហេតុផលផ្សេងគ្នា ដោយអ្នកខ្លះពិការដោយសង្គ្រាម ពិការដោយគ្រោះថ្នាក់ ពិការដោយជំងឺ គ្រាប់មីន និងពិការពីកំណើតជាដើម។ បច្ចុប្បន្ន ជនមានពិការភាពទាំងអស់ គឺទទួលបានការយកចិត្តទុកដាក់ ជួយគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការជាដៃគូផងដែរ។
នាក្នុងឱកាសនេះ តំណាងអ្នកផ្ដល់ជំនួយ បានលើកឡើងថា ពួកគាត់គឺមានឆន្ទៈក្នុងការបន្តចូលរួមចំណែក ជួយជារទេះជនពិការ និងគ្រឿងឧបភោគបរិភោគ បន្តទៀតនាពេលអនាគត។ ពួកគាត់ក៏សង្ឃឹមជឿជាក់ថា បញ្ហាកូវីដ-១៩ ទាំងនៅកម្ពុជា និងពិភពលោកអាចរលាយបាត់ ក្នុងពេលឆាប់ៗ៕