ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏គំហុកនៅទូទាំងរដ្ឋតិចសាស់សហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី៤កក្កដា មក បានកើនឡើងដល់ ១២១ នាក់ រួមទាំងអ្នកស្លាប់ចំនួន ៩៦នាក់នៅក្នុងស្រុក Kerr តែមួយគត់ និងមនុស្សយ៉ាងហោចណាស់មនុស្ស ១៦៦នាក់ នៅតែបាត់ខ្លួននៅទូទាំងរដ្ឋនេះ។

លោក Jonathan Lamb មន្រ្តីសេវាសហគមន៍របស់ស្រុក Kerrville បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាមនុស្សពេញវ័យ ៦០ នាក់និងកុមារ ៣៦ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងស្រុក Kerr ។ យ៉ាងហោចណាស់មនុស្ស ១៦១ នាក់នៅតែបាត់ខ្លួននៅក្នុងស្រុកនេះ រួមទាំងអ្នកបោះជំរំ៥ នាក់ និងអ្នកប្រឹក្សាម្នាក់មកពីជំរំ Camp Mystic ។
ជំរំ Camp Mystic ដែលជាជំរំរដូវក្តៅរបស់គ្រិស្តបរិស័ទមានអាយុកាលជិតមួយសតវត្សនៅជិតស្រុក Kerrville បានបញ្ជាក់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា អ្នកបោះជំរំ និងអ្នកប្រឹក្សាចំនួន ២៧ នាក់បានស្លាប់។
បុគ្គលិកជាង២.១០០នាក់ មកពីភ្នាក់ងារសហព័ន្ធ រដ្ឋ និងមូលដ្ឋាន កំពុងបន្តការស្វែងរក រួមទាំងក្រុមផ្សេងៗមកពីរដ្ឋចំនួន១០ ទៀត។ លោក Lamb បាននិយាយក្នុងអំឡុងពេលសន្និសីទខ្លីមួយថា ពួកគេកំពុងធ្វើការដើម្បីឲ្យជនរងគ្រោះ បានជួបជុំជាមួយក្រុមគ្រួសារឡើងវិញ។
អ្នកស្លាប់បន្ថែមត្រូវបានរាយការណ៍ ដោយក្នុងនោះនៅស្រុក Travis មាន៨នាក់ ស្រុក Kendall ៧នាក់ ស្រុក Burnet ៥ ស្រុក Williamson ៣ និងស្រុក Tom Green ម្នាក់។ យោងតាមក្រុមមន្ត្រីបានឱ្យដឹងថា មនុស្ស ៥ នាក់នៅតែបាត់ខ្លួនក្នុងតំបន់នានាខាងក្រៅស្រុក Kerr ៕

