ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (១០ កក្កដា) ថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន តាមរយៈសម្ព័ន្ធយោធាណាតូ ហើយថាលោកនឹងធ្វើ "សេចក្តីថ្លែងការណ៍ដ៏សំខាន់មួយ" អំពីរុស្ស៊ី នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ លោក Trump បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះលោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជុំវិញការពុំមានវឌ្ឍនភាពធំដុំឆ្ពោះទៅរកការបញ្ចប់សង្រ្គាម ដែលបញ្ឆេះឡើងដោយប្រតិបត្តិការយោធាពេញលក្ខណៈរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

លោក Trump បានប្រាប់ទូរទស្សន៍ NBC News ថា "រូបលោកនឹងមានសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយស្ដីពីរុស្ស៊ី នៅថ្ងៃចន្ទក្រោយ" ដោយបដិសេធមិនបញ្ជាក់លម្អិតនោះទេ។ លោក Trump ក៏បានប្រាប់ NBC News អំពីអ្វីដែលលោកហៅថាកិច្ចព្រមព្រៀងថ្មីរវាងសហរដ្ឋអាមេរិក សម្ព័ន្ធយោធាណាតូ និងអ៊ុយក្រែន ជុំវិញការដឹកជញ្ជូនអាវុធពីសហរដ្ឋអាមេរិក។

លោក Trump បានរៀបរាប់ពីវិធីសាស្រ្តបញ្ជូនអាវុធថ្មីនេះថា៖ សហរដ្ឋអាមេរិក នឹងបញ្ជូនសព្វាវុធទៅឱ្យណាតូ ហើយបន្ទាប់មកអង្គការណាតូ នឹងឱ្យអាវុធទាំងនោះទៅដល់អ៊ុយក្រែន ដោយណាតូជាអ្នកបង់ប្រាក់សម្រាប់គ្រឿងយុទ្ធោបករណ៍ទាំងអស់នោះ៕