ចៅក្រមសហព័ន្ធកាលពីថ្ងៃព្រហស្បតិ៍ (១០ កក្កដា) បានរារាំងរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ជាថ្មីម្តងទៀត មិនឱ្យបដិសេធសញ្ជាតិចំពោះទារកមួយចំនួនដែលកើតក្នុងទឹកដីសហរដ្ឋអាមេរិក ដោយប្រើប្រាស់សិទ្ធិលើកលែងដ៏សំខាន់មួយដើម្បីយកឈ្នះលើសេចក្តីសម្រេចនាពេលថ្មីៗនេះរបស់តុលាការកំពូល ដែលបានដាក់កម្រិតសមត្ថភាពរបស់ចៅក្រមក្នុងការរារាំងក្រឹត្យបែបនោះ និងគោលនយោបាយផ្សេងទៀតទូទាំងប្រទេស។

ចៅក្រមប្រចាំតំបន់អាមេរិក លោក Joseph Laplante បានប្រកាសសេចក្ដីសម្រេចនេះនៅក្នុងសវនាការរដ្ឋ New Hampshire បន្ទាប់ពីអ្នកតស៊ូមតិសិទ្ធិជនអន្តោប្រវេសន៍បានស្នើលោកឱ្យគាំទ្របណ្ដឹងរួមមួយតំណាងឱ្យកុមារទាំងឡាយណា ដែលឋានៈជាពលរដ្ឋរបស់ពួកគេនឹងរងការគំរាមកំហែង ដោយសារតែការអនុវត្តក្រឹត្យរបស់លោក Trump ដែលចុះហត្ថលេខាតាំងតែពីខែមករាមួយនេះ ក្នុងការកាត់បន្ថយសិទ្ធិទទួលបានសញ្ជាតិពីកំណើតដោយស្វ័យប្រវត្តិ។
សេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក កាលពីចុងខែមិថុនាបានចែងថា ទារកដែលកើតនៅផ្នែកខ្លះនៃសហរដ្ឋអាមេរិក មានឪពុកម្តាយដែលមិនមែនជាពលរដ្ឋអាមេរិក ឬអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ អាចប្រថុយនឹងការបដិសេធមិនឱ្យសញ្ជាតិ និងក្លាយជាកម្មវត្ថុនៃការនិរទេស។ ប៉ុន្តែសេចក្តីសម្រេចនោះមានករណីលើកលែងសម្រាប់បណ្តឹងរួម ដែលស្វះស្វែងរកការបន្ធូរបន្ថយក្នុងនាមជាក្រុមមនុស្សដែលមានស្ថានភាពស្រដៀងគ្នានេះនៅទូទាំងប្រទេស។
អ្នកនាំពាក្យសេតវិមាន លោក Harrison Fields នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានហៅសេចក្តីសម្រេចនេះថា "ជាការប៉ុនប៉ងជាក់ស្តែង និងខុសច្បាប់ដើម្បីគេចវេសពីដីកាច្បាស់លាស់របស់តុលាការកំពូល ប្រឆាំងនឹងការផ្តល់ជំនួយសង្គ្រោះជាសកល"៕

