ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់៨២នាក់ចាប់តាំងពីព្រឹកព្រលឹម នេះបើយោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា ក្នុងពេលមានការចរចាបទឈប់បាញ់ដែលកំពុងបន្ត និងការរិះគន់លើផែនការផ្ទេរពលរដ្ឋប៉ាឡេស្ទីនដោយបង្ខំទៅកាន់ទីក្រុង Rafah។

ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ រួមមានកុមារ៩នាក់ និងស្ត្រី៤នាក់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ខណៈពួកគេកំពុងរង់ចាំនៅក្នុងជួរសម្រាប់ការផ្គត់ផ្គង់អាហារូបត្ថម្ភដល់កុមារនៅក្នុងតំបន់ Deir el-Balah ហ្កាហ្សាភាគកណ្តាល។
មនុស្សយ៉ាងហោចណាស់៣០នាក់ផ្សេងទៀតបានរងរបួស រួមទាំងកុមារ១៩នាក់ ក្នុងអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែល។ លោកស្រី Catherine Russell នាយកមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានថ្កោលទោសការវាយប្រហារលើអ្នកស្វែងរកជំនួយ និងបាននិយាយថា ការសម្លាប់គ្រួសារជាច្រើនដែលព្យាយាមទទួលបានជំនួយគឺ «គ្មានមនសិការ» ។ មន្ត្រីអង្គការយូនីសេហ្វបាននិយាយថា «នេះគឺជាការពិតដ៏ឃោរឃៅដែលមនុស្សជាច្រើនកំពុងប្រឈមមុខនៅតំបន់ហ្កាហ្សាបច្ចុប្បន្ន បន្ទាប់ពីជំនួយមិនគ្រប់គ្រាន់ជាច្រើនខែត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងដែនដីនេះ ហើយភាគីជម្លោះ ពុំបានរក្សាទំនួលខុសត្រូវជាមូលដ្ឋានដើម្បីការពារជនស៊ីវិលនោះទេ»។ លោកស្រីបាននិយាយបន្ថែមថា «កង្វះជំនួយ មានន័យថាកុមារកំពុងប្រឈមភាពអត់ឃ្លាន ខណៈហានិភ័យនៃគ្រោះទុរភិក្សកើនឡើង។ ចំនួនកុមារដែលខ្វះអាហារូបត្ថម្ភនឹងបន្តកើនឡើង លុះត្រាតែជំនួយសង្គ្រោះជីវិត និងសេវានានាត្រូវបានបន្តឡើងវិញពេញលេញ»។
លោកស្រី Russell បានអំពាវនាវឱ្យអ៊ីស្រាអែលធានា «ការអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ»។ ដោយឡែក ក្រុមហាម៉ាសបានថ្កោលទោសការវាយប្រហារនេះ និងបាននិយាយថា វាគឺជាផ្នែកនៃ «យុទ្ធនាការបន្តនៃអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា» របស់អ៊ីស្រាអែល។

