ប្រជាជនវេណេស៊ុយអេឡារាប់រយនាក់ បានចេញធ្វើបាតុកម្មក្នុងរដ្ឋធានី កាលពីថ្ងៃព្រហស្បតិ៍ ទី១០ កក្កដា ដោយអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យកុមារជួបជុំគ្រួសារវិញនូវអ្នកដែលត្រូវបានបំបែកចេញពីឪពុកម្តាយរបស់ពួកគេ បន្ទាប់ពីគ្រួសារជាច្រើនត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក។

ការចេញធ្វើបាតុកម្មនេះ ត្រូវបានអំពាវបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យុត្តិធម៌ និងសន្តិភាព របស់ប្រទេសវេណេស៊ុយអេឡា លោក Diosdado Cabello បាននិយាយថា ស្ត្រីជាច្រើនដែលបានជិះយន្តហោះចុះចតនៅប្រទេសតំបន់សមុទ្រការ៉ាអ៊ីបតាមជើងហោះហើរនិរទេសពីសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថាត្រូវបានបំបែកពីកូនៗរបស់ពួកគេ។

យោងតាមសេចក្តីប្រកាសព័ត៌មានពីកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍បានឱ្យដឹងថា «ស្ត្រីបីនាក់ បានរាយការណ៍ពីការចាប់ពង្រត់កូនៗរបស់ពួកគេសរុបចំនួន៤នាក់ ដែលបានបន្ថែមទៅលើចំនួន១៨នាក់ដែល បានដឹងរួចហើយ»។
ក្រុមអ្នកតវ៉ា ក៏បានទាមទារឱ្យមានការបញ្ជូនត្រឡប់នៃជនអន្តោប្រវេសន៍វេណេស៊ុយអេឡាចំនួន២៣៨ នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារប្រទេសអែលសាល់វ៉ាឌ័រ និងការអន្តរាគមន៍ពីអង្គការសហប្រជាជាតិដើម្បីទទួលបានកូនៗរបស់ពួកគេត្រឡប់មកប្រទេសវិញ។