មេដឹកនាំកងជីវពលក្រុមហ៊ួទី នៅប្រទេសយេម៉ែន លោក Abdul-Malik al-Houthi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ថា គ្មានក្រុមហ៊ុនណាមួយនឹងត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញដែលទាក់ទងនឹងអ៊ីស្រាអែលកាត់តាមតំបន់ដែលត្រូវបានកំណត់នៅសមុទ្រឡើយ។ លោក al-Houthi បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ប្រចាំសប្តាហ៍របស់លោកថា «វាពុំត្រូវបានអនុញ្ញាតសម្រាប់ក្រុមហ៊ុនណាមួយដែលដឹកជញ្ជូនទំនិញសម្រាប់សត្រូវអ៊ីស្រាអែលតាមរយៈតំបន់ប្រតិបត្តិការដែលបានប្រកាសឡើយ។ ជំហររបស់យើងចំពោះបញ្ហានេះគឺដាច់ខាត»។

ប្រភពព័ត៌មានពីផ្នែកឧស្សាហកម្មបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃធានារ៉ាប់រងនៃការដឹកជញ្ជូនទំនិញឆ្លងកាត់សមុទ្រក្រហមបានកើនឡើងទ្វេដងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីក្រុមហ៊ួទី នៅប្រទេសយេម៉ែនបានវាយប្រហារនិងពន្លិចនាវាចំនួនពីរគ្រឿង ដោយបានបណ្តាលឲ្យអ្នកធ្វើដំណើរតាមសមុទ្រយ៉ាងហោចណាស់៤នាក់ស្លាប់ បន្ទាប់ពីភាពស្ងប់ស្ងាត់ជាច្រើនខែ។

សមុទ្រក្រហម គឺជាផ្លូវទឹកដ៏សំខាន់សម្រាប់ប្រេង និងទំនិញប្រើប្រាស់ ប៉ុន្តែការធ្វើចរាចរណ៍បានកាត់បន្ថយយ៉ាងខ្លាំងចាប់តាំងពីការវាយប្រហាររបស់ក្រុមហ៊ួទីនៅតំបន់ឆ្នេរប្រទេសយេម៉ែន ដែលបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ជាអ្វីដែលក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយនេះបាននិយាយថា ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនសម្រាប់សង្គ្រាមនៅតំបន់ហ្កាហ្សា។
ក្រុមហ៊ួទី បានវាយប្រហារលើនាវាជាង១០០គ្រឿង ពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៤។ ក្នុងខែឧសភា សហរដ្ឋអាមេរិកបានប្រកាសកិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់ការទម្លាក់គ្រាប់បែកលើក្រុមហ៊ួទី ជាថ្នូរនឹងការបញ្ចប់ការវាយប្រហារលើការដឹកជញ្ជូន។