នាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអង់គ្លេសលោកKeir Starmer និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបប្រជុំត្រីភាគីតាមរយៈសន្និសីទវីដេអូ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ កក្កដា ជាផ្នែកមួយនៃសន្និសីទនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ស្តីពីការគាំទ្រសម្រាប់ការស្តារប្រទេសអ៊ុយក្រែនឡើងវិញ។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយថា អ្នកចូលរួមក្នុងសន្និសីទបានសន្យាទឹកប្រាក់ជាង១០ពាន់លានអឺរ៉ូ ឬ(១១,៧ ពាន់លានដុល្លារ) ដើម្បីជួយកសាងអ៊ុយក្រែនឡើងវិញ។ គណៈកម្មការអឺរ៉ុប បានប្រកាសផ្តល់ជំនួយចំនួន ២,៣ ពាន់លានអឺរ៉ូ (២,៧ ពាន់លានដុល្លារ)។
យោងតាមមន្ត្រីអាមេរិកពីររូបបានឲ្យដឹងថា ការប្តេជ្ញាចិត្តនេះធ្វើឡើងបន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានបន្តការបញ្ជូនគ្រាប់កាំភ្លើងធំ និងមីស៊ីលស៊ីបគោលដៅទៅឱ្យអ៊ុយក្រែន បន្ទាប់ពីការសន្យារបស់លោក Trump ក្នុងសប្តាហ៍នេះក្នុងការបញ្ជូនអាវុធការពារបន្ថែមទៀតទៅកាន់ទីក្រុងគីវ។
លោក Trump ក៏បានបង្ហាញពីឆន្ទៈក្នុងការបញ្ជូនមីស៊ីលការពារដែនអាកាសប៉ាទ្រីយ៉ូត(Patriot) បន្ថែមទៀត ដែលបានបង្ហាញឱ្យឃើញពីសារៈសំខាន់ក្នុងការការពារប្រឆាំងមីស៊ីលបាលីស្ទីករបស់រុស្ស៊ីដែលមានល្បឿនលឿន។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បាននិយាយថា លោក Zelenskiy ដែលបាននិយាយថាលោកមានកិច្ចពិភាក្សាសំខាន់ ជាមួយបេសកជនសហរដ្ឋអាមេរិក លោក Keith Kellogg កាលពីថ្ងៃពុធ ក៏នឹងជួបជាមួយមន្ត្រីអាមេរិក ដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ីផងដែរ។

