មន្ត្រីសហរដ្ឋអាមេរិកកំពុងកាត់បន្ថយបន្ថែមទៀតលើដំណើរការរបស់ជនអន្តោប្រវេសន៍គ្មានឯកសារ ចំពោះកម្មវិធីថែទាំសុខភាពនិងអត្ថប្រយោជន៍នានា ជាផ្នែកមួយនៃការបង្រ្កាបជនអន្តោប្រវេសន៍កាន់តែទូលំទូលាយរបស់លោកប្រធានាធិបតី Donald Trump ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលនិងប្រជាសេវារបស់សហរដ្ឋអាមេរិក (HHS) បានប្រកាសថា ក្រសួងកំពុងពង្រីកការបកស្រាយរបស់ខ្លួននៃច្បាប់ឆ្នាំ១៩៩៦ ដែលហាមឃាត់ជនអន្តោប្រវេសន៍ភាគច្រើនពីការទទួលបានអត្ថប្រយោជន៍សាធារណៈរបស់សហព័ន្ធ។

សេចក្តីសម្រេចចិត្តនេះមានន័យថា ជនអន្តោប្រវេសន៍គ្មានឯកសារនឹងពុំមានសិទ្ធិសម្រាប់កម្មវិធីបន្ថែមចំនួន១៣កម្មវិធី។ កម្មវិធីរួមមានដូចជាកម្មវិធីសិក្សា Headstart ជាកម្មវិធីអប់រំថ្នាក់មត្តេយ្យសិក្សា និងគម្រោងដែលដោះស្រាយផែនការគ្រួសារ សុខភាពផ្លូវចិត្ត និងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពគ្មានលំនៅឋាន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងប្រជាសេវារបស់សហរដ្ឋអាមេរិក (HHS) លោក Robert F Kennedy Jr បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «រយៈពេលជាយូរមកហើយ រដ្ឋាភិបាលបានបង្វែរប្រាក់បង់ពន្ធរបស់ពលរដ្ឋអាមេរិកដែលខិតខំធ្វើការសម្រាប់គំនិតផ្តួចផ្តើមចំពោះបញ្ហាការធ្វើអន្តោប្រវេសន៍ខុសច្បាប់»។ «ចំណាត់ការថ្ងៃនេះបានផ្លាស់ប្តូរ ដែលវាស្ដារឡើងវិញនូវសុចរិតភាពចំពោះកម្មវិធីសង្គមរបស់សហព័ន្ធ ពង្រឹងនីតិរដ្ឋ និងការពារធនធានសំខាន់ៗសម្រាប់ប្រជាជនអាមេរិក។