ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ការបន្តកិច្ចសហប្រតិបត្តិការរបស់ប្រទេសនេះ ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) គឺទាក់ទងនឹងការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលកែតម្រូវ «អាកប្បកិរិយាស្តង់ដាទ្វេ»របស់ខ្លួន ចំពោះកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

លោក Pezeshkian បានធ្វើការអត្ថាធិប្បាយ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa កាលពីយប់ថ្ងៃពុធ ដែលក្នុងនោះ ភាគីទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍអន្តរជាតិចុងក្រោយបំផុត ជាពិសេសជម្លោះនាពេលថ្មីៗនេះជាមួយអ៊ីស្រាអែល និងអនាគតនៃទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និងសហភាពអឺរ៉ុប (EU)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រការិយាល័យរបស់លោក កាលពីថ្ងៃព្រហស្បតិ៍។

ដោយចង្អុលទៅច្បាប់មួយ ដែលត្រូវបានអនុម័តដោយសភា និងក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសអ៊ីរ៉ង់កាលពីចុងខែមុន និងអំពាវនាវឲ្យផ្អាកកិច្ចសហប្រតិបត្តិការរបស់ប្រទេសនេះជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Pezeshkian បាននិយាយថា ច្បាប់នេះ ត្រូវបានអនុម័ត ដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយា «លម្អៀងនិងគ្មានវិជ្ជាជីវៈ» របស់អគ្គនាយកទីភ្នាក់ងារ IAEA លោក Rafael Grossi។
លោកប្រធានាធិបតីអ៊ីរ៉ង់ បានចោទប្រកាន់ IAEA ជុំវិញការខកខាន «មិនគោរពតាមគោលការណ៍នៃភាពមិនលម្អៀង» ក្នុងការបង្ហាញរបាយការណ៍អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និង «ការមិនអើពើ» ចំពោះការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោក បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ចំពោះកិច្ចសន្ទនា ការទូត ការគោរពគ្នាទៅវិញទៅមក និងក្របខ័ណ្ឌច្បាប់អន្តរជាតិ ដោយបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ «ការឈ្លានពាន»ម្តងហើយម្តងទៀត ប្រឆាំងនឹងប្រទេសនេះ នឹងទទួលបាន«ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងគួរឲ្យសោកស្តាយ»។