ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករា បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងណែនាំធ្វើកិច្ចសន្យា ក្រោយការដ្ឋានសំណង់មួយកន្លែងផ្នែកខាងក្រោយរបស់ ភោជនីយដ្ឋាន ថ្មដា បានបណ្ដុះសរសៃដែករំលោភលើលំហ ផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាព។
ប្រតិបត្តិការចុះត្រួតពិនិត្យនិងធ្វើកិច្ចសន្យានេះ បានធ្វើឡើងចំនួន០២លើក កាលពីរសៀលថ្ងៃទី០៩ និងព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា ចាត់ឲ្យលោក ណុប វណ្ណា នាយករងរដ្ឋបាល ដឹកនាំជំនាញពាក់ព័ន្ធ ប្រធានការិយាល័យរៀបចំដែនដីខណ្ឌ ចៅសង្កាត់ មេភូមិ និងមន្រ្តីជំនាញ ចុះផ្ទាល់មើលការដ្ឋាននោះ។
ក្នុងការចុះត្រួតពិនិត្យនេះដែរ មន្ត្រីជំនាញបានពិនិត្យឃើញជាក់ស្ដែង ដោយម្ចាស់សំណង់របស់ភោជនីយដ្ឋានថ្មដា បានបណ្ដុះសរសៃដែកធ្នឹមមកលើលំហផ្លូវសាធារណៈ បណ្ដោយ១៣ម៉ែត្រនិងទទឹង ១ម៉ែត្រ ៦តឹក ហើយម្ចាស់ការដ្ឋានបានសាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ឡើយ។
មន្រ្តីជំនាញនៃការិយាល័យរៀបចំដែនដីខណ្ឌ៧មករា បានបញ្ជាក់ថា ក្រោយពិនិត្យឃើញការរំលោភ និងសាងសង់គ្មានលិខិតអនុញ្ញាតបែបនេះមន្ត្រីជំនាញបានផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ហើយម្ចាស់សំណង់ត្រូវសុំច្បាប់អនុញ្ញាតសាងសង់នៅសាលាខណ្ឌឲ្យបានត្រឹមត្រូវ។ បន្ថែមទៀតនោះ ម្ចាស់សំណង់ត្រូវផ្អាកការងារចាក់បេតុងវេរ៉ងដា និងត្រូវកាត់សរសៃដែកដែលបណ្ដុះចេញមករំលោភលំហផ្លូវសាធារណៈនេះចេញជាដាច់ខាត់។
អាជ្ញាធរបញ្ជាក់ថា ក្នុងករណីម្ចាស់ការដ្ឋានសំណង់មិនអនុវត្តតាមការណែនាំ និងកិច្ចសន្យារបស់រដ្ឋបាលខណ្ឌ ហើយនៅតែបន្តសាងសង់ឬជួលជុល នោះរដ្ឋបាលខណ្ឌនិងចាត់វិធានការរដ្ឋបាល រាល់ការខូចខាតឬបាត់បង់សម្ភារៈ មិនទទួលខុសត្រូវឡើយ៕ អត្ថបទ៖ កុម្ភៈ







